សិក្ខាសាលាពង្រឹងគុណភាពគ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះ ពានរង្វាន់សម្តេចបវរធិបតី បានបិទបញ្ចប់ដោយផ្លែផ្កា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥--វគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ ដែលត្រូវបានរៀបចំឡើងក្នុងការពង្រឹងគុណភាពបច្ចេកទេសដល់គ្រូបង្វឹកគ្រប់យុទ្ធគុនខ្មែរបុរាណ ត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ បានបញ្ចប់ដោយដោយផ្លែផ្កាបន្ទាប់ពីវគ្គនេះបានដំណើរការរយៈពេល៣ថ្ងៃ នៅសាលាគុនធម៌ រាជធានីភ្នំពេញ។

នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅសាលាគុនធម៌ រាជធានីភ្នំពេញ។

ដោយបានលើកឡើងបន្ថែមពីលើនេះ ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងនោះបានសង្កត់ធ្ងន់ថា វគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណនេះ ត្រូវបានរៀបចំឡើងជាលើកទី១ បន្ទាប់ពីទទួលបានការអនុញ្ញាត និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងការយកចិត្តទុកដាក់ពីឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មការចំពោះកិច្ចកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី»។

បន្ទាប់ពីទទួលបានការចែករំលែកចំណេញដឹងពីគ្រូឧទ្ទេសប្រចាំវគ្គរយៈពេល៣ថ្ងៃមកនេះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃវគ្គសិក្សានេះ ខណៈសិក្ខាកាមជាគ្រូបង្វឹកមកពីគ្រប់យុទ្ធគុនខ្មែរបានចូលរួមដោយក្ដីរីករាយ និងចង់ចេះចង់ដឹងនូវបច្ចេកទេសពិសេសៗ សម្រាប់យកទៅបង្ហាត់បង្រៀនបន្តជូនដល់កីឡាករ-កីឡាការិនីតាមសមាគម-ក្លឹប និងរាជធានី-ខេត្ត ស្របតាមគោលការណ៍ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ដោយមិនត្រឹមតែផ្តល់ឱកាសដល់កីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងមេដាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងពេលដំណាលគ្នាផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ៖«អ្វីដែលយើងខិតខំប្រឹងប្រែងក្នុងបណ្ដុះបណ្ដាលនេះ គឺយើងធ្វើយ៉ាងណាឱ្យលោកគ្រូទាំងអស់គាត់មានសាមគ្គីភាពផ្ទៃក្នុងល្អ និងឱ្យពួកគាត់ចេះស្រឡាញ់ក្បាច់គុនយុទ្ធគុនរបស់ដូនតាទាំងអស់គ្នា ព្រមទាំងបន្ដការថែរក្សានូវមរតកក្បាច់គុននេះឱ្យបានយូរអង្វែង ក្នុងការចែកជូនកូនចៅជំនាន់ក្រោយ ស្របតាមគោលការណ៍អភិរក្ស និងអភិវឌ្ឍន៍យុទ្ធគុនដូនតាខ្មែរ ដែលជាគោលការណ៍រួម ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាវបរធិបតីនាយករដ្ឋមន្ដ្រី»។

បន្ថែមពីលើនេះ អ្នកជំនាញរូបនេះគូសបញ្ជាក់ថា យើងនឹងបន្ដតាមដានរាល់សកម្មភាពរបស់គ្រូបង្វឹកទាំងអស់ ដែលយកទៅបង្ហាត់សិស្ស តើទទួលបានលទ្ធផលយ៉ាងម៉េច ហើយនៅខែសីហា យើងនឹងមានវគ្គគ្រូបង្វឹកម្ដងទៀត ដែលយើងត្រូវាយតម្លៃជាថ្មី ទៅលើការយកទៅអនុវត្តរបស់ពួកគាត់ មុននឹងការប្រកួតពានរង្វាន់សម្ដេចបវរធិបតី លើកទី២ ដែលគ្រោងនឹងចាប់ពីថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០២៥៕
ដោយ ហេង ណាលីន (រូបភាព៖ NOCC)





