ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៤៦ទិវាជ័យជម្នះ៧មករា
AKP កំពង់ធំ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ តំណាងរបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៤៦ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមប្រមាណជាង១៥០០នាក់។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋក្នុងឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត បានសង្កត់ធ្ងន់ថា ទិវាជ័យជម្នះ៧មករាពិតជាមានគុណតម្លៃមិនអាចកាត់ថ្លៃបានដែលបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យបានរស់រាននិងរឹងមាំឡើងវិញក្រោមការតស៊ូនិងលះបង់នូវសាច់ស្រស់ឈាមស្រស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបានលើកទឹកចិត្ត និងជំរុញដល់អាណាព្យាបាល ត្រូវជំរុញកូនចៅទៅរៀនសូត្រឱ្យបានគ្រប់គ្នា និងបានខ្ពង់ខ្ពស់ដែលជាការរួមចំណែកក្នុងការកសាងមូលធនមនុស្ស និងជំនាញបច្ចេកទេសដែលយុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិច ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយយុវជន និងសិស្សានុសិស្សត្រូវនៅឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍បានខ្ជាប់ខ្ជួន និងចៀសផុតពីក្មេងទំនើង។

ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរឃុំចំណាលើត្រូវអនុវត្តតួនាទីភារកិច្ច និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវឱ្យបានឆាប់រហ័ស ហើយត្រូវចុះជួបផ្ទាល់ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងសិក្សាស្វែងយល់ដល់គ្រប់ខ្នងផ្ទះដើម្បីទទួលបាននូវព័ត៌មាន តម្រូវការអាទិភាពជាក់ស្ដែងបំផុតជាពិសេសបញ្ហាបន្ទាន់នានាដែលប្រជាពលរដ្ឋកំពុងដង្ហើយហៅ ត្រូវតែជួយសម្របសម្រួលដោះស្រាយជូនគាត់ឱ្យបានបន្ទាន់ និងប្រសិទ្ធភាពបំផុត។ បើអាជ្ញាធរមូលដ្ឋានភូមិឃុំពុំអាចដោះស្រាយបានត្រូវធ្វើរបាយការណ៍ជូនមកថ្នាក់ដឹកនាំស្រុក ឬក្រុមការងារ ដើម្បីបានជួយសម្របសម្រួល និងដោះស្រាយឱ្យបានទាន់ពេលវេលា និងមានជំនឿទុកចិត្តពីប្រជាពលរដ្ឋអស់ពីបេះដូង៕


ដោយ ស៊ុម វណ្ណា





