ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យប៉ូលីសរឹតបណ្តឹងការផាកពិន័យចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿនកំណត់នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥-- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យ និងសិក្សាពីស្ថានភាពផ្លូវ ៦០ម៉ែត្រ ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវ៦០ម៉ែត្រ កាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ក្រោយចុះត្រួតពិនិត្យជាក់ស្ដែងរួចក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ បានឯកភាពគ្នាមួយ ដោយបានសម្រេចបង្កើនកម្លាំងប៉ូលីស ជាមួយនឹងការរឹតបណ្តឹងការផាកពិន័យចំពោះ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ការងារមន្ទីរសាធារណការ ត្រូវគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី និងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងថ្ងៃ។
លោកប្រធានមន្ទីរបានបន្តថា ដាក់កាមេរ៉ាសុវត្ថិភាព ដាក់ផ្លាកសញ្ញាកំណត់ល្បឿន ដោយចាប់ពីភ្លើងស្តុបមែកសឺដែសដល់ស្ពានអាកាស «មរតកតេជោ»អាចបើកបរក្នុងល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺដែសកំណត់ល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលរាជធានីបានចែកមួកសុវត្ថិភាព ដល់បងប្អូនប្រជា ពលរដ្ឋដែលបានឆ្លើយសំណួរបានត្រឹមត្រូវ ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ជាមួយនឹងការអំពាវនាវឱ្យបងប្អូនប្រជា ពលរដ្ឋទាំងអស់ត្រូវគ្រប់គោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ចៀសវាងឱ្យបាននៅហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គួរឱ្យរន្ធត់ចំនួនពីរករណីផ្ទួនៗគ្នាបណ្ដាលឱ្យមនុស្សស្លាប់៤នាក់លើបណ្តោយផ្លូវ៦០ម៉ែត្រនេះ៕
ដោយ សួស សំរិត





