ភេខ្លួនរលោងច្រើនរស់នៅរ៉ាមសារព្រែកទាល់ និងនាពេលបច្ចុប្បន្នជាសត្វកម្រ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥--ភេខ្លួនរលោង (Smooth-coated Otter) ច្រើនរស់នៅតាមតំបន់ដីវាលទំនាប ដូចជានៅតាមមាត់ពាមទន្លេ មាត់ទន្លេ ព្រៃកោងកាង ស្ទឹង បឹង និងអូរ។

ក្រសួងបរិស្ថានបានឱ្យដឹងថា ភេខ្លួនរលោងគេឃើញរស់នៅតំបន់រ៉ាមសារព្រែកទាល់ (បឹងទន្លេសាប)។សត្វប្រភេទនេះកំពុងទទួលរងការគំរាមកំហែងលើពិភពលោក(IUCN Redlist)។ ជាទូទៅភេខ្លួនរលោងមានប្រវែងក្បាល-ដងខ្លួន ៥២-៧៦ សង់ទីម៉ែត្រ ប្រវែងកន្ទុយ ៤០-៤៥សង់ទីម៉ែត្រ និងមានទម្ងន់ពី ៧-១១ គីឡូក្រាម។ វាមានទំហំ និងពណ៌ប្រហាក់ប្រហែលទៅនឹងភេក្បាលសំប៉ែតដែរ។ លក្ខណៈដែលខុសគ្នានោះត្រង់ថា ភេខ្លួនរលោងមានដងខ្លួនរលោងរាបស្មើ និងមានកន្ទុយសំប៉ែត។ បំពង់ក បបូរមាត់លើ ថ្ពាល់ ក និងទ្រូងមានពណ៌លឿងស្រាល។

យោងតាមឯកសារស្រាវជ្រាវបានឱ្យដឹងថា ភេខ្លូនរលោងនេះរស់នៅជាក្រុមគ្រួសារដែលមានមេបា និងកូនរបស់វាដូចប្រភេទភេដទៃទៀតដែរ។ ពួកវាតែងតែរួបរួមគ្នាជាច្រើនក្រុមក្នុងការរកចំណីដែលជាវិធីមានប្រសិទ្ធភាពបំផុត។ មនុស្សជាញឹកញាប់តែងតែចិញ្ចឹមសត្វភេនេះ ដើម្បីឱ្យវាចាប់ត្រី។ ចំណីអាហារ ទីកន្លែងលាក់ខ្លួន និងការបន្តពូជមានលក្ខណៈស្រដៀងគ្នាទៅនឹងភេក្បាលសំប៉ែតដែរ៕

ដោយ៖ ដេប៉ូ





