តុល្យភាពនៃការខូចខាតផ្ទះប្រជាពលរដ្ឋនៅស្រុកព្រៃនប់ ដោយសារគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ធ្វើឱ្យមានការរលំ ០៣ខ្នងផ្ទះ និងរបើកដំបូលអស់ចំនួន ១.៣៥១ខ្នងផ្ទះ អស់ស័ង្កសីចំនួន ៧.២៦៤សន្លឹក
AKP ព្រះសីហនុ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥–លោក អ៊ី ធារិន អភិបាល នៃគណ:អភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា ខ្យល់កន្ទ្រាក់បានចាប់ផ្តើមរយ:ពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់១២ ខែមករា ឆ្នាំ២០២៥នេះ ហើយ តុល្យភាព ស្តីពីការរងផលប៉ះពាល់ដោយសារខ្យល់កន្ទ្រាក់នៅក្នុងមូលដ្ឋានស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើឱ្យមានការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួន៦ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះ រលំ ០៣ខ្នងផ្ទះ និងរបើកដំបូលអស់ចំនួន ១.៣៥១ខ្នងផ្ទះ អស់ស័ង្កសីចំនួន ៧.២៦៤សន្លឹក។

លោក អ៊ី ធារិន អភិបាលអភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា រយ:ពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ ខ្យល់កន្ទ្រាក់បានធ្វើឱ្យមានការប៉ះពាល់ខួចខាតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំចំនួន៦ បានរងគ្រោះដោយខ្យល់កន្ទ្រាក់បណ្តាលឱ្យរលំផ្ទះចំនួន ០៣ខ្នង និងរបើកដំបូលផ្ទះអស់ចំនួន១.៣៥១ខ្នងផ្ទះ សរុបមានចំនួន ១.៣៥៤ខ្នងផ្ទះ ក្នុងនោះមានដូចជា ៖
១.ឃុំសាមគ្គី របើកដំបូលផ្ទះចំនួន ៤៣២ខ្នងផ្ទះ
២.ឃុំទឹកល្អក់របើកដំបូលចំនួន ៣៥៥ខ្នងផ្ទះ និងរលំ ០២ខ្នងផ្ទះ
៣.ឃុំទឹកថ្លារបើកដំបូល ៥៥៨ខ្នងផ្ទះ និងរលំ ០១ខ្នងផ្ទះ
៤.ឃុំវាលរេញរបើកដំបូល ០១ខ្នងផ្ទះ
៥.ឃុំសំរុង របើកដំបូល ០៤ខ្នងផ្ទះ និង៦.ឃុំបឹងតាព្រហ្ម របើកដំបូល ០១ខ្នងផ្ទះ និងបណ្តាលធ្វើឱ្យខូចខាតសង្កសីចំនួន ៧.២៦៤សន្លឹក ក្រៅពីការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋ និងរលំផ្ទះដោយសារគ្រោះធម្មជាតិខាងលើ ក៏បណ្តាលឱ្យមានការខូចខាតដំបូលប៉ុស្តិ៍រដ្ឋបាលឃុំទឹកល្អក់ និងដំបួលសាលារៀនចំនួន ៥ទីតាំងផងដែរ ។

លោក អភិបាលស្រុកព្រៃនប់ បានបញ្ចាក់ថា គ្រោះធម្មជាតិខ្យល់កន្ទ្រាក់នេះ បានចាប់ផ្តើមកាលពីថ្ងៃទី១១ រហូតមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងាររបស់រដ្ឋបាលស្រុក សហការជាមួយរដ្ឋ បាលឃុំ និងក្រុមគ្រូពេទ្យ បានចុះធ្វើការស្រង់ស្ថិតិ ស្តីពីផលប៉ះពាល់ដោយសារខ្យល់កន្ទ្រាក់នៅតាមបណ្តាឃុំចំនួន៦ ក្នុងស្រុកព្រៃនប់ ប៉ះពាល់ដល់ផ្ទះមានចំនួនសរុប ១.៣៥៤ខ្នងផ្ទះ ក្នុងនោះរលំទាំងស្រុងអស់ចំនួន ០៣ផ្ទះ មកដល់ពេលនេះ អាជ្ញាធរស្រុក និងឃុំកំពុងមមាញឹកក្នុងការចុះពិនិត្យតាមដានសកម្មភាពខ្យល់កន្ទ្រាក់មកលើឃុំមួយចំនួនទៀតក្នុងស្រុកព្រៃនប់ផងដែរ គ្រោះធម្មជាតិខ្យល់កន្ទ្រាក់នេះ មិនបណ្តាលឪ្យមានមនុស្សស្លាប់នោះទេ ហើយអាជ្ញាធរស្រុក ក៏បានបញ្ជូនពួកគាត់ទៅកាន់ទីមានសុវត្ថិភាព ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះដល់អាយុជីវិតនោះទេ ។

លោក អភិបាលស្រុក បានបន្ថែមថា ចំពោះឃុំចំនួន៣ ដែលជាប់ផ្លូវជាតិលេខ៣ តែងតែរងគ្រោះដោយសារខ្យល់កន្ទ្រាក់ជារៀងរាល់ឆ្នាំ ពិសេសនៅរដូវរំហើយ ប៉ុន្តែវាអាស្រ័យទៅគ្រោះធម្មជាតិនៃឆ្នាំនីមួយៗតិច ឬច្រើនតែប៉ុណ្ណោះ ។សូមរម្លឹកថា កាលពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមក គ្រោះធម្មជាតិខ្យល់កន្ទ្រាក់នេះ ក៏បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួន ៦ក្នុងស្រុកព្រៃនប់ បណ្តាលធ្វើឱ្យរលំផ្ទះចំនួន ០២ខ្នង និងរបើកដំបូលចំនួន ៤៤១ខ្នងផ្ទះ ៕
ដោយ៖ ងូ សុមុនី





