មន្រ្តីជំនាញចុះយកសំណាកសត្វក្រពើ មុននឹងនាំក្រពើរស់ទៅកាន់ទីផ្សារប្រទេសចិនលើកដំបូងនៅថ្ងៃខាងមុខ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥-- តាមការរំពឹងទុកប្រទេសកម្ពុជានឹងមានការនាំចេញសត្វក្រពើរស់ទៅកាន់ទីផ្សារប្រទេសចិន ដែលនេះត្រូវបានគេចាត់ទុកថាជាលើកទី១ហើយក្នុងការនាំសត្វប្រភេទនេះទៅកាន់ទីផ្សារប្រទេសចិន ដើម្បីលើកកម្ពស់បន្ថែមទៀតសម្រាប់អ្នកចិញ្ចឹមសត្វក្រពើនៅកម្ពុជា។

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៥ថា ចាប់តាំងពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវ របស់សាធារណរដ្ឋប្រជាមានិតចិន។

តាមរយៈវីដេអូឃ្លីប លោក អ៊ី ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលបានឱ្យដឹងថា ក្រុមការងាររបស់លោក បានចុះយកសំណាកដើម្បីវិភាគរកមេរោគក្នុងគោលបំណងសម្រួលដល់ការនាំចេញសត្វក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឱ្យស្របតាមស្តង់ដា និងអនុសញ្ញាសាយតេសជាមុនសិន។ នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យនោះ កម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា។

ដោយឡែកបើយោងតាមទិន្នន័យពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាកន្លងមកថានៅកម្ពុជា មានកសិដ្ឋានចិញ្ចឹមក្រពើ ចំនួនជិត៣០០កសិដ្ឋាន ដែលក្នុងនេះស្ថិតនៅខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កណ្តាល និងខេត្តព្រៃវែងជាដើម៕
ដោយ៖ ដេប៉ូ





