ប្រជាកសិករឃុំកំពង់គោ ស្រុកកំពង់ស្វាយ សុំចូលជាសហគមន៍កសិកម្មទំនើបផលិតស្រូវសែនក្រអូប
AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ថា ពេលនេះថែមបានមួយសហគមន៍ទៀតហើយ ដែលបងប្អូនកសិករចំនួន២៨៥គ្រួសារ មានផ្ទៃដីដាំដុះស្រូវសរុបជិត៣៣០០ ហិកតា នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានផ្តិតមេដៃស្ម័គ្រចិត្តស្នើសុំចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីផលិតស្រូវសែនក្រអូប ក្នុងតម្លៃកុងត្រាទុកមុន ១៣៥០រៀលក្នុងមួយគីឡូក្រាម។


កសិករទាំងនេះ ភាគច្រើនជាអ្នកកំពុងផលិតស្រូវអូអឹម ដែលជាពូជរបស់ប្រទេសវៀតណាម។ ដោយមើលឃើញពីអត្ថប្រយោជន៍ទីផ្សារល្អនៃស្រូវសែនក្រអូប ស្របពេលដែលពូជស្រូវវៀតណាមកំពុងជួបបញ្ហាថ្លៃ ពួកគាត់បាននាំគ្នាងាកមករួមគ្នាផលិតជាសហគមន៍ និងចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាវិញម្តង។ ក្រៅពីទទួលបានការធានាថ្លៃពិសេសទុកជាមុន កសិករជាសមាជិកសហគមន៍កសិកម្មទំនើប ទាំងអស់ក៏នឹងទទួលបានទុនកម្ចីការប្រាក់ទាប និងការគាំទ្រទាំងស្រុងខាងផ្នែកបច្ចេកទេសពីក្រសួងកសិកម្មផងដែរ។

សហគមន៍កសិកម្មទំនើប ផលិតស្រូវសែនក្រអូបថ្មីនេះគ្រោងនឹងចាប់ផ្តើមផលិតកម្មស្រូវសែនក្រអូបរបស់ខ្លួនក្នុងខែមេសា ឆ្នាំ២០២៥នេះ ក្រោយពេលប្រមូលផលជុំចាស់រួច៕
ដោយ ណយ នឿន





