ខេត្តសៀមរាបប្រារព្ធមីទ្ទិញអបអរសាទរខួប៤៦ឆ្នាំថ្ងៃជ័យជម្នះ៧មករា១៩៧៩
AKP សៀមរាប ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥-- ខេត្តសៀមរាបបានប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ៧មករា (១៩៧៩-២០២៥) យ៉ាងអធិកអធមក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តសៀមរាប ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ដឹកនាំនិងសមាជិក-សមាជិកាគណបក្ស មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូ និសិ្សត សិស្សានុសិស្ស ប្រជាពលរដ្ឋ ប្រមាណជា៥ពាន់នាក់ចូលរួម នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ ហើយការដែលខេត្តសៀមរាបប្រារព្ធទិវាជ័យជម្នះ៧មករានៅថ្ងៃទី១០នេះ ព្រោះខេត្តសៀមរាបត្រូវបានរំដោះ និងទទួលជ័យជំនះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៩។

អង្គមីទ្ទិញទាំងមូលបានស្ដាប់នូវការអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ១៩៧៩.២០២៥ ដែលអានដោយសម្តេចពិជ័យសេនា ទៀ បាញ់។ ហើយបន្ទាប់មកសមាជិកសមាជិកានៃអង្គមីទ្ទិញទាំងមូល បានបន្តស្តាប់នូវប្រសាសន៍សំណេះសំណាលរបស់សម្តេចពិជ័យសេនា ដែលបានលើកឡើងពីគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន នៃការរំដោះប្រជាពលរដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាការពុះពាររបស់សម្ដេចតេជោ ហ៊ុន សែន រួមជាមួយឥស្សរជនសំខាន់ជាច្រើនទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋចាត់ទុកថ្ងៃ៧មករាជាថ្ងៃកំណើតទី២របស់ខ្លួន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងទៀតថា មហាជ័យជម្នះ ថ្ងៃ៧ មករា ១៩៧៩ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានចារជាប់នៅក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់រូប ដែលបានសង្រ្គោះជាតិនិងប្រជាជនកម្ពុជាឲ្យមានជីវិតរស់ឡើងវិញរួចផុតពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និង បាននាំមកជូនប្រជាជនវិញនូវសិទ្ធិនិងសេរីភាពគ្រប់បែបយ៉ាង និងបានស្តារ កសាងជាតិមាតុភូមិឡើងវិញពីគំនរផេះផង់ ឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក រហូតមានសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនភាពបំផុត។ ហើយសម្តេចពិជ័យសេនា បានធ្វើការអរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

គួរឱ្យដឹងថាអង្គមីទ្ទិញទាំងមូលបានប្រព្រឹត្តទៅអស់រយៈពេលមួយព្រឹកធំ ដោយមានការប្តេជ្ញាចិត្តមិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញបាន ពីតំណាងអ្នកចូលរួមទាំងអស់ ហើយគណៈអធិបតីក៏បានធ្វើការលែងសត្វព្រាប និងបង្ហោះប៉េងប៉ោងតំណាងឱ្យសុខសន្តិភាព សេរីភាពពេញលេញបរិបូណ៌ ព្រមទាំងមានពិធីជូនកន្ត្រក់ផ្កា ជូនពរដល់សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារនៅក្នុងឱកាសឆ្នាំថ្មី សូមឱ្យជួបនូវតែសេចក្តីសុខ កម្លាំងមាំមួន ដើមី្បបម្រើជាតិមានតុភូមិកម្ពុជាតទៅអនាគត៕
ដោយ ហង្ស សៀក





