ព្រះអង្គ នី សុវណ្ណមុន្នីរ៉េត អំពាវនាវដល់សិស្សានុសិស្ស យុវជនត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាពដើម្បីជួយទ្រទ្រង់ព្រះពុទ្ធសាសនា និងអភិវឌ្ឍប្រទេសជាតិ
AKP កំពង់ធំ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥-- ព្រះអង្គ នី សុវណ្ណមុន្នីរ៉េត ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីការអំពាវនាវដល់សិស្សានុសិស្ស និងយុវជនត្រូវខិតខំរៀនសូត្រឱ្យអស់ពីលទ្ធភាព ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងអភិវឌ្ឍប្រទេសជាតិ ក្នុងឱកាសដែលព្រះអង្គបាននិមន្តជាអធិបតីភាពក្នុងពិធីសម្ពោធកាត់ខ្សែបូរ ដាក់ឱ្យប្រើប្រាស់នូវសាលាឆាន់ថ្មីនៅក្នុងវត្តទួលប្រាសាទពេជ្ររង្សីស្ថិតនៅក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។

ព្រះអង្គបានបិណ្ឌបាត្រដល់ញាតិញោមពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះសូមមេត្តាថែរក្សាសុខភាពឱ្យបានមាំទាំដើម្បីមានឱកាសធ្វើបុណ្យ និងទ្រទ្រង់ពុទ្ធសាសនាជាមួយគ្នា ពិសេសចូលរួមថែរក្សាសុខសន្តិភាពដែលបានមកដោយ ការតស៊ូលះបង់នូវសាច់ស្រស់ ឈាមស្រស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលមិនអាចកាត់ថ្លៃបានទោះក្នុងតម្លៃណាក៏ដោយ។

ទន្ទឹមនឹងនេះ ព្រះអង្គបានបានណែនាំដល់ព្រះសង្ឃគ្រប់ព្រះអង្គ សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរាប់អានញាតិញោមពុទ្ធបរិស័ទដែលជាជនឆ្លៀតឱកាស ឬក៏កេងចំណេញពីព្រះពុទ្ធសាសនាឬក៏ពីបច្ច័យធនធានរបស់ព្រះសង្ឃហើយអាចនាំឱ្យមានហានិភ័យផ្សេងៗជាដើម។

ជាមួយគ្នានេះផងដែរ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានមានប្រសាសន៍ណែនាំដល់សហការី ជាពិសេសការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងការិយាល័យពាក់ព័ន្ធ ព្រមទាំងសិស្សានុសិស្ស លោកនាយក លោកគ្រូ អ្នកគ្រូ នៅតាមសាលារៀនត្រូវធ្វើកម្មវិធីអប់រំព្រះពុទ្ធសាសនាជូនដល់យុវជនសិស្សានុសិស្សឱ្យបានច្រើនដើម្បីជាការដាស់តឿន និងអប់រំស្មារតីយុវជន កុំឱ្យភ្លើតភ្លើនធ្លាក់ខ្លួនក្នុងគ្រឿងញៀន ឬប្រព្រឹត្តអំពើអបាយមុខក៏ដូចជាផុងខ្លួនក្លាយជាក្មេងទំនើងជាដើម។

សូមបញ្ជាក់ថា សាលាឆាន់ថ្មីដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងពេលនេះមានទំហំ១២ម៉ែត្រគុណនឹង២៨ម៉ែត្រ និងមានកម្ពស់១៦ម៉ែត្រដែលចំណាយអស់បច្ច័យសរុបចំនួន២៣៧៨០០០០០រៀល ហើយនៅក្នុងឱកាសនោះព្រះអង្គ នី សុវណ្ណមុន្នីរ៉េត បានចូលរួមនូវបច្ច័យមួយចំនួនធំ និងចែកទានសម្ភារសិក្សាដល់សិស្សានុសិស្សជាង៥០០នាក់ផងដែរ៕
ដោយ ស៊ុម វណ្ណា





