មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន ស្តីពីការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥-ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន (SOMR)ស្តីពីការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពឯកឧត្តម Ahmad Fahmi Fadzil រដ្ឋមន្ត្រីក្រសួងសារគមនាគមន៍ម៉ាឡេស៊ី ។

កិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន (SOMR) ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍នៃបណ្តារដ្ឋសមាជិកអាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតឡើងដោយសារការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជាកំណើននៃព័ត៌មានក្លែងក្លាយ ការបោកប្រាស់អនឡាញ ការបន្តុះបង្អាប់អនឡាញ និងឥរិយាបថអវិជ្ជមានក្នុងការប្រើប្រាស់ដែលបង្កផលប៉ះពាល់ដល់សង្គម សន្តិសុខ និងសេដ្ឋកិច្ច និងប៉ះពាល់សុខុមាលប្រជាជនជាពិសេសក្រុមយុវជន និងកុមារ។

ជាមួយគ្នានេះដែរ កិច្ចប្រជុំក៏បានពិភាក្សាអំពីតម្រូវការនៃយន្តការអាស៊ានរួមមួយក្នុងការធានាសុវត្ថិភាពនៃការប្រើប្រាស់ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ។ លទ្ធផលនៃកិច្ចប្រជុំនឹងត្រូវដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកព័ត៌មានដែលនឹងត្រូវរៀបចំឡើងក្នុងខែឧសភា ខាងមុខ នៅប្រទេសព្រុយណេដើម្បីពិនិត្យនិងអនុម័ត៕



ដោយ៖ រិទ្ធី





