រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ ឆ្នាំនេះត្រីសម្បូរជាងឆ្នាំមុនប្រមាណ១០ភាគរយ ហើយត្រីក៏មានតម្លៃទាបជាងមុន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា តាមការវាយតម្លៃត្រីនាក្នុងឆ្នាំនេះឃើញថាអាចកើនឡើងប្រមាណ១០ភាគរយ ខណៈឆ្នាំមុននេះកើនឡើងប្រមាណ៥ភាគរយ។

លើកឡើងក្នុងពិធីចុះពិនិត្យទីតាំងដាយត្រី និងកន្លែងកែច្នៃប្រហុក ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ថា ដើម្បីថែរក្សាត្រីតាមទីធម្មជាតិរបស់យើងឱ្យសម្បូរបែប និងមានបរិមាណច្រើនបន្តទៀតដែលជាទីអាចផ្គត់ផ្គង់ដល់ពលរដ្ឋយើងបានគ្រប់គ្រាន់នោះ អ្នកនេសាទចាំបាច់ណាស់ត្រូវគោរពច្បាប់ ហើយបើគោរពបាននោះប្រទេសយើងមិនខ្វះត្រីហូបទេ។ “បើយើងចង់ទទួលបានផលត្រីច្រើន និងប្រទេសកម្ពុជាយើងនៅតែរក្សាបាននូវនិរន្តភាពត្រី ចាំបាច់ណាស់ត្រូវចូលរួមទាំងអស់គ្នា ទើបយើងអាចមានត្រីសម្បូរដូចនាពេលនេះ។ ផ្ទុយមកវិញសម្រាប់អ្នកប្រព្រឹត្តបទល្មើសនេសាទគឺជាមនុស្សចង់មានបានតែម្នាក់ឯង ដែលបង្កការប៉ះពាល់ដល់ត្រីធម្មជាតិរបស់យើង”។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការនេសាទរបស់យើងនាឆ្នាំនេះឃើញថាទទួលបាននូវលទ្ធផលច្រើន ទាំងនេះបង្ហាញថាកើតឡើងដោយសារតែការខិតខំប្រឹងប្រែងរបស់មន្រ្តី ក៏ដូចជាភាគីពាក់ព័ន្ធក្នុងកិច្ចការពារ ធនធានធម្មជាតិ។ក្រៅពីនេះក៏មានការចូលរួមពីសំណាក់ប្រជានេសាទរបស់យើងគោរពនូវច្បាប់ និងពិសេសនៅពេលពួកគាត់ចាប់បានមេពូជត្រីក៏បានធ្វើការព្រលែងទៅវិញ ដែលនេះគឺជាផ្នែកមួយសំខាន់ក្នុងការចូលរួមថែរក្សាត្រីក៏ដូចជាបង្កើនបរិមាណត្រីក្នុងប្រទេសរបស់យើង។ “ប្រជានេសាទរបស់យើងនៅពេលចាប់បានត្រីពូជ ឬត្រីកម្របាននាំគ្នាលែងទៅវិញ ដោយសារតែមូលហេតុនេះហើយឃើញថាឆ្នាំនេះយើងទទួលបាននូវទិន្នផលត្រីច្រើនមែនទែន”។

ជាមួយគ្នានេះដែរ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ផងថា ការដែលយើងដឹងពីបរិមាណត្រីតិច ឬច្រើនគឺយើងសង្កេតមើលចរាចររបស់វាបើសង្កេតឃើញថាយើងចាប់បានច្រើនក្នុងឆ្នាំនេះ ដែលមិនមែនបង្កើនការចាប់ទេ ពោលគឺចាប់តាមធម្មតា នោះបញ្ជាក់ថាត្រីបានកើតច្រើន និងបន្លាស់ទីចេញពីបឹងទន្លេសាបមកក្នុងទឹកទន្លេមេគង្គក៏ច្រើន។ហេតុនេះឃើញថាឆ្នាំនេះភោគផលដែលបានពីត្រីគឺច្រើនគ្រប់កន្លែងស្ទើរទាំងអស់។
គួរបញ្ជាក់ថា រដ្ឋបាលជលផលបានចេញសេចក្តីជូនដំណឹងមួយ ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី គួររួសរាន់មកទិញត្រីដែលសម្បូរច្រើន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥៕
ដោយ៖ ដេប៉ូ





