លោក បូរ ភ័កត្រា ចាងហ្វាងការផ្សាយទូរទស្សន៍អនឡាញរំដួលធីវី (Rumduol TV) និងក្រុមការងារ បានទទួលថវិកា២០លានរៀលពីកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- ដើម្បីបង្កើនប្រសិទ្ធភាពការងារមនុស្សធម៌ឱ្យកាន់តែទូលំទូលាយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចបន្តផ្តល់ថវិកាជាលើកទី២ ចំនួន២០លានរៀល ជូនលោក បូរ ភ័កត្រា ចាងហ្វាងការផ្សាយទូរទស្សន៍អនឡាញរំដួលធីវី (Rumduol TV) និងក្រុមការងារជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការលំបាកបានភ្លាមៗដល់អ្នកងាយរងគ្រោះបំផុតដែលជាមុខសញ្ញារបស់កាកបាទក្រហមកម្ពុជា។

ក្នុងជំនួបនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី ពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរចំពោះក្រុមការងារ Rumduol TV ដែលបានជួយដល់ការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ចាស់ឥតទីពឹង ស្ត្រីមេម៉ាយកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនមានពិការភាព ក៏ដូចជាការជួយផ្សព្វផ្សាយលើកកម្ពស់ការថែទាំសុខភាព ការរក្សាអនាម័យ បរិស្ថាន កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។

ជាមួយគ្នានេះ លោកជំទាវបានស្តាប់នូវរបាយការណ៍ និងទស្សនាវីដេអូសកម្មភាពបំពេញការងារមនុស្សធម៌ពេញមួយឆ្នាំរបស់ក្រុមការងារ Rumduol TV ដែលជួយដល់អ្នកងាយរងគ្រោះបំផុតចំនួន៦៦ករណី ក្នុង១៨ រាជធានី-ខេត្ត។ លោកជំទាវ មានក្តីសង្ឃឹមជឿជាក់ថា តាមរយៈថវិកាជាលើកទី២ នេះ ក្រុមការងារ Rumduol TV នឹងបន្តជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតសម្រាប់ឆ្នាំ២០២៥។

ជាការឆ្លើយតប លោក បូរ ភ័កត្រា បានថ្លែងគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្ត និងផ្តល់ឱកាសបានធ្វើជាអ្នកស្ម័គ្រចិត្តចល័តរបស់កាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុមនុស្សធម៌។ លោក និងក្រុមការងារ បន្តប្តេជ្ញាចិត្តខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព និងមានភាពច្បាស់លាស់ក្នុងការបំពេញការងារមនុស្សធម៌ដែលបាននិងកំពុងធ្វើ ដោយអនុវត្តទៅតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា និងគោលការណ៍គ្រឹះទាំង៧របស់ចលនា គឺ ភាពមនុស្សធម៌ ភាពមិនលម្អៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាពរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





