ការងារសាងសង់ច្រាំងទន្លេក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្រេចបានប្រមាណ៦៥ភាគរយហើយ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- ក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេនៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ការងារសាងសង់ច្រាំងទន្លេស្ថិតនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គិតមកត្រឹមចុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២៥នេះ ការងារសាងសង់ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្រេចបានប្រមាណ៦៥ភាគរយហើយ រួមមាន ការងារជើងក្រោមសម្រេចបាន១០០ភាគរយ និងការងាររៀបបាវខ្សាច់ជាកាំជណ្តើរដើម្បីបំពេញខ្សាច់នៅកន្លែងបាក់ស្រុត សម្រេចបាន៣៥ភាគរយ។

សូមបញ្ជាក់ថា ច្រាំងទន្លេមេគង្គនៅចំណុចក្រោយវត្តសុទស្សនារាម ក្នុងភូមិសាស្ត្រខាងលើ បានរងការបាក់ស្រុតកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សភាពបាក់ច្រាំងគឺដោយសារការហូរច្រោះនៃចរន្តទឹកក្រោមដី និងស្ថានភាពដីមាត់ច្រាំងជាប្រភេទដីខ្សាច់ម៉ដ្ឋងាយរបេះតាមចរន្តទឹកហូរ។ ជាវិធានការចំពោះមុខក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តការសាងសង់ច្រាំងទន្លេប្រវែង២២០ម៉ែត្រ ដោយចែកជាពីរដំណាក់កាល គឺដំណាក់កាលទី១ ធ្វើការការពារជើងក្រោមដោយរៀបជាបាវខ្សាច់ប្រភេទ Geotextile និងដំណាក់កាលទី២ ធ្វើការពង្រឹងច្រាំងផ្នែកខាងលើ បន្ទាប់ពីផ្នែកខាងក្រោមត្រូវបានពង្រឹងរួច៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងធនធានទឹក)





