រដ្ឋមន្ត្រីក្រសួងកសិកម្មអំពាវនាវឱ្យមានវិធានការកំចាត់មេរោគឱ្យបានហ្មត់ចត់ ចំពេលមានការរីករាលដាលនៃជំងឺផ្តាសាយបក្សី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកស្រី សុង មីយ៉ុង (Song Mi-ryung) កាលពីថ្ងៃពុធបានជំរុញឱ្យមន្ត្រីអនុវត្តន៍វិធានការកំចាត់មេរោគឱ្យបានហ្មត់ចត់ ចំពេលមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សីបន្ថែម។
លោកស្រី សុង បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កន្លែងសម្លាប់មេរោគនៅតំបន់ Eumseong មានចម្ងាយ ៩១គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូល ខណៈដែលប្រទេសនេះបានរាយការណ៍ថាមានករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សីចំនួន ២១ករណីនៅរដូវរដូវរងានេះ។
ក្រសួងកសិកម្មបាននិយាយថា ប្រហែលពី ៣ទៅ៤ករណីដែលត្រូវបានរាយការណ៍ជារៀងរាល់សប្តាហ៍ចាប់តាំងពីខែធ្នូ ដែលអាចបង្ហាញពីការរីករាលដាលយ៉ាងទូលំទូលាយនៃជំងឺ។ករណីថ្មីបំផុតត្រូវបានគេរាយការណ៍នៅកសិដ្ឋានចិញ្ចឹមទាក្នុងទីក្រុងជីមជេ (Gimjae) មានចម្ងាយ ១៩៤គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូល។
លោកស្រី សុង បាននិយាយថា «ការស៊ើបអង្កេតមេរោគរាតត្បាតដែលបានធ្វើឡើងលើ កសិដ្ឋានឆ្លងជំងឺគ្រុនផ្តាសាយបក្សីបានបង្ហាញថា ពួកគេជាច្រើនបានរំលោភលើវិធានការដាក់ឱ្យនៅដាច់ដោយឡែកពីគេ រួមទាំងការមិនពាក់ឈុតការពារ និងស្បែកជើងកវែង ព្រមទាំងការសម្លាប់មេរោគមិនគ្រប់គ្រាន់សម្រាប់ភ្ញៀវ និងយានជំនិះ»។
លោកស្រី សុង ក៏បានជំរុញឱ្យមន្ត្រីរក្សាការប្រុងប្រយ័ត្នពេញមួយខែនេះ ដោយសារមានលទ្ធភាពនៃមេរោគឆ្លងតាមរយៈបក្សាបក្សីដែលធ្វើដំណើរមកកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងរដូវ រងានេះ។
លោកស្រីបានបន្ដថា «យើងស្នើឱ្យមន្ត្រីប្រើប្រាស់ធនធានដែលមានទាំងអស់ ដើម្បីអនុវត្តន៍ប្រតិបត្តិការសម្លាប់មេរោគនៅកសិដ្ឋានចិញ្ចឹមសត្វ និងតំបន់ដែលងាយរងគ្រោះផ្សេងទៀត រួមទាំងជម្រករបស់សត្វស្លាប»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





