ម៉ាឡេស៊ី និងសិង្ហបុរី បង្កើតតំបន់សេដ្ឋកិច្ចពិសេស
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី បានចុះហត្ថលេខាកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ទៅលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយសម្រាប់អាជីវកម្ម និងការវិនិយោគ។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរេនស៍ វ៉ុង (Lawrenche Wong) និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានធ្វើជាសាក្សីនៃការផ្លាស់ប្តូរកិច្ចព្រមព្រៀងនេះសម្រាប់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចូហូ-សិង្ហបុរី នៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សាលើកទី១១ នៃមេដឹកនាំម៉ាឡេស៊ី-សិង្ហបុរី នៅទីក្រុងពុត្រាចាយ៉ា នៃប្រទេសម៉ាឡេស៊ី។
លោក អាន់វ៉ា បាននិយាយថា ប្រទេសទាំងពីរត្រូវបានគ្រប់គ្រងដោយរដ្ឋបាលដែលមានស្ថេរភាពនយោបាយជាមួយនឹងគោលនយោបាយសេដ្ឋកិច្ចច្បាស់លាស់ ដែលមានគោលបំណងទាក់ទាញការវិនិយោគ។
ការតម្រង់ទិសសេដ្ឋកិច្ចដ៏ល្អរបស់រដ្ឋាភិបាលទាំងពីរ រួមមានកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទំនើប និងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ដែលជាហេតុផលដ៏សំខាន់ក្នុងការទាក់ទាញការចូលរួមរបស់សហគ្រាស។
លោក វ៉ុង បាននិយាយថា គំនិតផ្តួចផ្តើមនេះបានផ្តល់សារសម្រាប់វិនិយោគិនឱ្យពិនិត្យមើលទៅលើការបំពេញបន្ថែមរវាងខេត្តចូហូ និងប្រទេសសិង្ហបុរី ព្រមទាំងគុណសម្បត្តិជាច្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃតំបន់សេដ្ឋកិច្ចពិសេសចូហូ-សិង្ហបុរីទាំងមូល។
លោកបានសង្កត់ធ្ងន់ថា មានចំណុចខ្លាំងជាច្រើនដែលអាចត្រូវបានទាញយកពីភាគីទាំងពីរដែលនឹងជួយបង្កើនសំណើរបស់ខ្លួន ហើយធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេស JS-Sez មានការប្រកួតប្រជែងកាន់តែច្រើន និងមានភាពទាក់ទាញសម្រាប់អាជីវកម្មដើម្បីធ្វើប្រតិបត្តិការ។
តំបន់នេះត្រូវបានគេរំពឹងថាមិនត្រឹមតែសម្រាប់ពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញការវិនិយោគពិភពលោកបន្ថែមទៀត ដែលនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





