ឥណ្ឌូណេស៊ី និងជប៉ុន ពិភាក្សាគ្នាអំពីការផ្ទេរបច្ចេកវិទ្យាយោធា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិឥណ្ឌូណេស៊ីបាននិយាយកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះខ្លួនកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងការផ្ទេរបច្ចេកវិទ្យាយោធាដែលអាចធ្វើបានជាមួយប្រទេសជប៉ុន ដើម្បីលើកកម្ពស់សមត្ថភាពការពារជាតិរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ហ្វឺឌីនែនដ៍ វ៉េណេសស៍ (Ferdinand Wenass) បាននិយាយថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយលោក ណាកាតានី សមភាគីជប៉ុន រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី លោក ចាហ្រ្វី ចាំសូអេដឌីន (Sjafrie Sjamsoeddin) បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ដែលរួមមានការផ្ទេរបច្ចេកវិទ្យាយោធាដែលមានសក្តានុពលដល់ប្រទេសឥណ្ឌូណេស៊ី។
ដូចដែលបានរាយការណ៍ដោយសារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុន លោករដ្ឋមន្រ្តីទាំងពីរបានពិភាក្សាគ្នាអំពីការអភិវឌ្ឍរួមគ្នានៃនាវាកងទ័ពជើងទឹកមួយនៅពេលដែលប្រទេសទាំងពីរមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខតាមសមុទ្រ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





