មន្ទីរបញ្ចកោណដាក់បង្ហាញផែនការរបស់អង្គការណាតូក្នុងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែនរហូតដល់ឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- មន្រ្តីជាន់ខ្ពស់មួយរូបតំណាងមន្ទីរបញ្ចកោណបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា បណ្តាប្រទេសលោកខាងលិចនឹងបែងចែកតម្រូវការយោធារបស់អ៊ុយក្រែនក្នុងប្រភេទជាច្រើន ហើយបានកំណត់ឱ្យបណ្តាប្រទេសរបស់អង្គការណាតូទទួលខុសត្រូវសម្រាប់ផ្នែកនីមួយៗទាំងនោះ។
អ្នកតំណាងមន្ទីរបញ្ចកោណបាននិយាយថា សមត្ថភាពសម្ព័ន្ធចំនួន៨ ត្រូវបានបង្កើតឡើងនៅក្នុងក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលជាក្រុមលោកខាងលិចសម្រាប់ការសម្របសម្រួលការចែកចាយសព្វាវុធដល់ទីក្រុងគៀវ។
លោកបាននិយាយថា «សម្ព័ន្ធនីមួយៗតំណាងឱ្យទិដ្ឋភាពមួយនៃសមត្ថភាពយោធារបស់អ៊ុយក្រែន ហើយត្រូវបានដឹកនាំដោយប្រទេសសមាជិកអង្គការណាតូយ៉ាងតិចចំនួនពីរដាច់ដោយឡែកពីគ្នា»។
អ្នកតំណាងរាស្ត្ររូបនោះបាននិយាយថា «បណ្តាមេដឹកនាំនៃសម្ព័ន្ធភាពទាំងនោះនឹងត្រូវការគាំទ្រផែនទីបង្ហាញផ្លូវសឹករបស់អ៊ុយក្រែន រថក្រោះ កាំភ្លើងធំ គ្រាប់មីន ដ្រូន ប្រព័ន្ធការពារដែនអាកាស និងគ្រាប់មីស៊ីល បច្ចេកវិទ្យាព័ត៌មានវិទ្យា តម្រូវការសន្តិសុខដែនសមុទ្រដល់ឆ្នាំ២០២៧»។
កិច្ចប្រជុំលើកទី២៥ នៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនដែលលោកខាងលិចសម្របសម្រួលការចែកចាយសព្វាវុធដល់ទីក្រុងគៀវ នឹងត្រូវបានប្រារព្ធធ្វើនៅឯ Ramstein Air នៅក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី០៩ ខែមករានេះ ហើយនឹងមានការចូលរួមពីរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





