កិច្ចប្រជុំជាលើកដំបូងរបស់គណៈកម្មការក្រសួងការពារជាតិ ដើម្បីធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥-- គណៈកម្មការក្រសួងការពារជាតិដើម្បីធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បានបើកកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួន កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ។

លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការក្រសួងការពារជាតិ ដើម្បីធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះនាយទាហានជាន់ខ្ពស់ជាថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងចូលរួមបញ្ចេញមតិពិភាក្សាផ្លាស់ប្ដូរយោបល់ពីចំណុចល្អ និងចំណុចខ្វះខាតនៃច្បាប់ និងការអនុវត្តច្បាប់នាពេលកន្លងមក ដើម្បីឈានទៅរកការមូលមតិ លើការថែរក្សា ឬក៏ត្រូវធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ យោងទៅតាមការប្រគល់ភារកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញក្នុងពិធីខួបកំណើតកងពលតូចលេខ៧០ នាពេលកន្លងទៅនេះ។

លោកជំទាវនាយឧត្តមសេនីយ៍បានណែនាំឱ្យនាយកដ្ឋាននីតិកម្ម បន្តចងក្រងមតិយោបល់ពីសមាជិក ដែលមិនបានចូលរួម។ ចំពោះអនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលឱ្យរក្សាទុកអំពីរបបសោធននិវត្តន៍ និងត្រូវចាប់ផ្តើមអនុវត្ត ហើយផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមរយៈយន្តការ អគ្គយោធសេវា ក្រសួងការពារជាតិ។ លោកជំទាវក៏បានកត់សម្គាល់នូវមតិយោបល់មួយចំនួនទៀត ដែលបានលើកឡើងសំដៅធ្វើវិសោធនកម្មច្បាប់បន្ថែមទៀត៕
ដោយ សំ សាម៉ន





