អគ្គនាយកដ្ឋានយុវជនបើកកិច្ចកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥-- អគ្គនាយកដ្ឋានយុវជន កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំទាំងអស់នៃអគ្គនាយកដ្ឋានយុវជន។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកយុវជន បានមានមតិស្វាគមន៍ និងលើកឡើងអំពីសមិទ្ធផលការងារធំៗ ដែលអគ្គនាយកដ្ឋានយុវជនសម្រេចបាន ដែលលទ្ធផលទាំងអស់នេះបានជះឥទ្ធិពលជាវិជ្ជមានដល់យុវជនទាំងក្នុង និងក្រៅសាលា តាមរយៈកម្មវិធីអភិវឌ្ឍយុវជននានា។ តែទោះជាយ៉ាងណាក៏ដោយ ក៏កម្មវិធីទាំងអស់នេះនៅមិនទាន់មានវិសាលភាពគ្របដណ្តប់ដល់យុវជនគ្រប់ទិសទីនៅឡើយ ដូច្នេះហើយទាមទារឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីជំរុញបង្កើតកម្មវិធីថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវជន និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តកម្មវិធីនានារបស់អគ្គនាយកដ្ឋានយុវជន សំដៅលើកម្ពស់សមត្ថភាព បំណិន និងភាពធន់របស់យុវជននៅកម្ពុជា ដើម្បីត្រៀមលក្ខណៈប្រកួតប្រជែងក្នុងទីផ្សារការងារ និងអន្តរជាតិ។ យុវជនស្ម័គ្រចិត្តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីនានារបស់អគ្គនាយកដ្ឋានយុវជន ដែលនេះជាទម្រង់មួយនៃការបណ្តុះសមត្ថភាពរបស់យុវជន ក៏ដូចជាការផ្តល់ឱកាសដល់យុវជនបានរួមចំណែក សម្រេចនូវគោលដៅនានារបស់ក្រសួង៕

ដោយ ណយ នឿន





