សហគមន៍កសិកម្មទំនើប ម្រេចមេមត់ត្បូងឃ្មុំ រៀបចំគម្រោងប្តូរពីការប្រើប្រេងម៉ាស៊ូត ដើម្បីស្រោចស្រព ទៅជាប្រើប្រព័ន្ធសូឡាវិញ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ ថា ឯកឧត្តម បានពិភាក្សាគ្នាជាមួយសមាជិកនៃសហគមន៍កសិកម្មទំនើប «ម្រេចមេមត់ត្បូងឃ្មុំ» ពីផែនការវិនិយោគលើប្រព័ន្ធសូឡាបូមទឹក ជំនួសឱ្យការប្រើប្រាស់ប្រេងម៉ាស៊ូត នៅតាមចម្ការម្រេចរបស់សមាជិកនីមួយៗ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា តាមការវាយតម្លៃបឋម ក្រសួងគ្រោងនឹងស្វែងរកទុនវិនិយោគជូនសហគមន៍ ក្នុងទំហំទឹកប្រាក់ចំនួនជាង២០០ ០០០ដុល្លារ ដែលក្នុងនោះនឹងមានការផ្តល់ជូនជាជំនួយឥតសំណងចំនួន៤០ភាគរយហើយចំនួនដែលនៅសល់៦០ភាគរយទៀត សមាជិកម្នាក់ៗអាចសងបណ្តាក់រយៈពេល៥ឆ្នាំ។ ការផ្លាស់ប្តូរមកប្រើប្រព័ន្ធសូឡាបែបនេះវិញ ដែលមានអាយុកាលប្រើប្រាស់រហូតដល់ទៅ១០ឆ្នាំ កសិករទាំងអស់នឹងអាចសន្សំពីការប្រើប្រាស់ប្រេងបូមទឹកបានជាង១ ០០០ ០០០ ដុល្លារ សម្រាប់រយៈពេលដូចគ្នានេះ គឺសន្សំចំណាយបានច្រើន។

សហគមន៍កសិកម្មទំនើប ម្រេចមេមត់ត្បូងឃ្មុំ មានដែលមានទីតាំងស្ថិតក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សមាជិក៤២គ្រួសារ និងផ្ទៃដីផលិតកម្ម៦៧ហិកតា ឬប្រហែល ១០០ ០០០ ជន្លង់៕

ដោយ ណយ នឿន





