ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អញ្ជើញជាអធិបតីក្នុងអង្គមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ទិវាជ័យជម្នះ៧មករានៅស្រុកបូរីជលសារ
AKP តាកែវ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥--នៅវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ បានប្រារព្ធអង្គមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៥) កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ តំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូរីជលសារ ឯកឧត្តម លី ស៊ុគ្រី តំណាងរាស្រ្តមណ្ឌលតាកែវ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកលោកស្រីប្រធានអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូរីជលសារ ឯកឧត្តមលោកលោកស្រីប្រធានអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ក្រុមប្រឹក្សាស្រុក-ឃុំក្នុងស្រុកបូរីជលសារ គណៈអភិបាលស្រុកបូរីជលសារ ព្រមទាំងមានការនិមន្តពីព្រះអនុគណស្រុក ព្រះចៅអធិការ និងព្រះសង្ឃមកពីវត្តនានាក្នុងស្រុកបូរីជលសារ មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមប្រមាណ៤២៩អង្គ/នាក់។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ បានថ្លែងថា ស្មារតី៧មករានឹងនៅស្ថិតថេរជាអមតៈ នៅក្នុងក្រអៅបេះដូងរបស់យុវជនជំនាន់ក្រោយ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ពិសេសគឺចងចាំថ្ងៃប្រវត្តិសាស្ត្រនេះមិនអាចបំភ្លេចបានឡើយ ព្រោះថ្ងៃនេះជាថ្ងៃដែលពលរដ្ឋខ្មែរទាំងមូល បានរស់រានមានជីវិតឡើងវិញ ចេញផុតពីរណ្ដៅមរណៈនៃពួកអាវខ្មៅ។ ទិវាជ័យជម្នះ៧មករាជាថ្ងៃប្រវត្តិសាស្ត្រ និងជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែន បាននាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពនេះឱ្យបានស្ថិតថេរជាអមតៈ មានសុខសន្តិភាពទើបមាននូវអ្វីៗដូចសព្វថ្ងៃនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើយ៉ាងណាការពារឱ្យខាងតែបាននូវសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ពិសេសយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើសខុសច្បាប់ផ្សេងៗ ដូចជាករណីគ្រឿងញៀនក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ផ្សេងៗឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានោះដែរមន្ត្រីរបស់យើង ដែលជាអ្នកបន្តវេនជំនាន់ក្រោយក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដោយខិតខំរៀនសូត្រ និងបំពេញការងារឱ្យបានល្អ ពោលស្របតាមពាក្យស្លោកសម្ដេចតេជោហ៊ុនសែនថា ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ និងមានបទពិសោធន៍៕



ដោយ អ៊ុច សៀង





