ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញជាអធិបតីភាពក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី៤៦ទិវាបុណ្យជាតិ៧មករា
AKP កំពង់ធំ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី៤៦ ទិវាបុណ្យជាតិ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងពិធីមីទ្ទិញរំលឹកខួបលើកទី៤៦នៃទិវាជ័យជម្នះ ៧មករា ដោយបានបញ្ជាក់ថា ខួបទី៤៦ឆ្នាំនៃទិវាមហាជ័យជម្នះ ៧មករា ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ប៉ុល ពត អៀង សារី ខៀវ សំផន បានធ្វើឱ្យប្រជាជាតិខ្មែររស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់យ៉ាងឃោឃៅបំផុតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ទិវាខួបលើកទី៤៦ឆ្នាំនេះ ដើម្បីរំលឹក និងចងចាំជានិច្ចនូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារីនៃកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយនឹងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធនឹងធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងទប់ស្កាត់មិនឱ្យរបបនេះវិលត្រឡប់មកវិញបាន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរំលេចនូវខ្លឹមសារសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ក៏ដោយសារមានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ហើយយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ គឺដោយសារការអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ និងការបែកបាក់ជាតិក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងមកធ្វើឱ្យប្រទេសជាតិយើងមានការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨។

លោកស្រី មឿង សុខឃីន តំណាងសមាជិក សមាជិកានៃអង្គមិទ្ទិញទាំងមូលសូមអបអរសាទរយ៉ាងក្លៀវក្លាចំពោះខួបអនុស្សាវរីយ៍លើកទី៤៦ទិវាជ័យជម្នះបុណ្យជាតិ ៧មករា(៧មករា ១៩៧៩ - ៧មករា ឆ្នាំ២០២៥ )។ មានថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់បែបយ៉ាងនៅថ្ងៃនេះ។ ប្តេជ្ញា! រួមរស់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សា ការពារសុខសន្តិភាព និងការអភិវឌ្ឍន៍របស់សង្គមជាតិ។ ប្តេជ្ញា! លើកកម្ពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីភាព ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សាភ្ជាប់ជាមួយប្រជាជន បម្រើប្រជាជនឱ្យអស់កម្លាំងកាយចិត្ត។

ក្រោយបញ្ចប់កម្មវិធី ក្រុមការងារបានរៀបចំអាហារសាមគ្គីជូនដល់សមាជិកសមាជិការអង្គមីទ្ទិញក្រោមការជួយឧបត្ថម្ភគាំទ្រថវិកាពីឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ និងក្រុមការងារចុះមូលដ្ឋានឃុំប្រកបដោយបរិយាកាសរីករាយ និងមោទនភាពស្និទ្ធស្នាលក្រៃលែង៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





