សិក្ខាសាលាស្តីពីការបង្កើតផែនការអភិវឌ្ឍន៍មុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥--ក្នុងគោលបំណងដើម្បីការយល់ដឹងពីសកម្មភាព សមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយនៃផែនការផ្សព្វផ្សាយការអនុវត្តនៅក្នុងរាជធានី និងខេត្តគោលដៅ ដើម្បីបង្កើតផែនការផ្សព្វផ្សាយមុខវិជ្ជាអប់រំកាយដែលនឹងត្រូវបង្កើតឡើងដោយថវិកាផ្ទាល់ខ្លួន និងការជួយជ្រោមជ្រែងពីសហគមន៍ និងមាតាបិតាសិស្ស និងការបង្កើតផែនការផ្សព្វផ្សាយដើម្បីស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពិធីបិទបញ្ចប់គម្រោង សិក្ខាសាលាស្តីពីការបង្កើតផែនការអភិវឌ្ឍន៍មុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សា ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ថា យោងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ស្ថិតក្រោមកម្មវិធីភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីគម្រោង “អប់រំកាយសម្រាប់ទាំងអស់គ្នា” គឺការសិក្សាគុណភាពអប់រំកាយចាប់ពីបឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ ដែលត្រូវអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៥ ហើយសិក្ខាសាលានាពេលនេះជាសិក្ខាសាលាចុងក្រោយនៃការបញ្ចប់គម្រោង “អប់រំកាយសម្រាប់ទាំងអស់គ្នា” របស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥) ដែលមានសិក្ខាកាមចូលរួមមកពីមន្ទីរអប់រំកាយ និងកីឡារាជធានី-ខេត្ត ការិយាល័យអប់រំកាយ និងកីឡារដ្ឋបាលក្រុង-ស្រុក-ខណ្ឌចំនួន៤២នាក់ និងគណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងគ្រូអប់រំកាយ១០៨នាក់ នៃរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តស្វាយរៀង៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





