កសិករដាំដំណាំពុទ្រាអាចរកចំណូលបានពី២០ម៉ឺន ទៅ៤០ម៉ឺនរៀលក្នុង១ថ្ងៃ
AKP បាត់ដំបង ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥-- លោក ឡុង ភាព កសិករមួយរូបដែលរស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បាននិយាយថា លោក និងកសិករមួយចំនួនទៀតអាចរកប្រាក់ចំណូលក្នុងមួយថ្ងៃបានចាប់ពី២០ម៉ឺនរៀល ដល់៤០ម៉ឺនរៀលពីការលក់ផ្លែពុទ្រាស្រស់។ ជីវភាពគ្រួសាររបស់លោកបានធូរធារមួយកម្រិតទៀតបន្ទាប់ពីលោកចាប់យកមុខរបរដាំដំណាំពុទ្រាកូនកាត់ ឬពុទ្រា៣រសជាតិ ដែលបច្ចុប្បន្នកំពុងពេញនិយមនៅលើទីផ្សារក្នុងខេត្ត និងនាំទៅលក់ដល់ផ្សារភ្នំពេញតាមរយៈឈ្មួញកណ្តាល។ អស់រយៈពេល៥ឆ្នាំមកហើយ ដែលលោកបានប្រកបមុខរបរដាំដើមពុទ្រា៣រសជាតិនេះ នៅលើផ្ទៃដីជិតមួយហិកតា ដែលការដាំនេះគឺអាចចាប់ផ្ដើមប្រមូលផលនៅចុងឆ្នាំទី១ឬដើមឆ្នាំទី២ បន្ទាប់ពីលោកបានដាំរួចមក។ ផ្លែពុទ្រាដែលលោកបេះបានគឺស្ទើរតែមិនចាំបាច់ទៅលក់នៅលើទីផ្សារនោះឡើយដោយសារតែមានឈ្មួញមកចាំទិញដល់ចម្ការតែម្ដង។

លោក ឡុង ភាព អាយុ៦៥ឆ្នាំ រស់នៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានរៀបរាប់ថា សព្វថ្ងៃលោកមានដើមពុទ្រានេះជាង១០០ដើម ដែលលោកបានដាំនៅលើផ្ទៃដីជិតមួយហិកតានៅក្បែរផ្ទះ ដែលមកទល់នឹងពេលនេះគឺមានរយៈពេល៥ឆ្នាំ គឺជាពេលដែលពុទ្រាហុចផលខ្ពស់។ ដំបូងឡើយលោកបានទៅរកស៊ីនៅខេត្តកំពង់ចាម ហើយឃើញគេដាំ ដោយសារមានចំណង់ចំណូលចិត្តផងនោះលោកក៏បានសាកសួរ និងធ្វើការសិក្សាដោយនៅទីបំផុតលោកក៏បានយកមកអនុវត្តនិងទទួលបានជោគជ័យលើដំណាំពុទ្រានេះ។

លោកបានបន្តថា កាលពីឆ្នាំដំបូង ដោយសារដើមនៅខ្ចី គឺលោកបានទទួលផលតិចតួចប៉ុណ្ណោះលុះដល់ឆ្នាំទី២ និងរហូតមកទល់នឹងពេលនេះ គឺលោកបានប្រមូលផលក្នុងមួយថ្ងៃចន្លោះពី៥០ទៅ៨០គីឡូក្រាម។ ក្នុង១គីឡូក្រាម លក់បានតម្លៃចាប់ពី ៦.០០០ ទៅ៧.០០០រៀលប៉ុន្តែបើឈ្មួញមកទិញច្រើនតម្លៃអាចធូរជាងនេះ។ សព្វថ្ងៃនេះលោកអាចរកចំណូលបានពី២០ម៉ឺនទៅ៤០ម៉ឺនក្នុងមួយថ្ងៃពីដំណាំពុទ្រាជិត១ហិកតានោះ ឯអ្នកដែលដាំច្រើនគេអាចរកបានច្រើនជាងនេះ។ ដោយឡែកពុទ្រារបស់លោកមិនដែលសល់នោះឡើយ មានតែបេះមិនទាន់ឱ្យគេតែប៉ុណ្ណោះដោយសាររសជាតិឆ្ងាញ់។

នៅក្នុងរយៈពេលនៃការហុចផលរបស់ផ្លែពុទ្រា លោកបានបន្ថែមថា ក្នុងមួយឆ្នាំគឺពុទ្រាឱ្យផលចាប់ពីខែមិថុនា ដល់ខែកុម្ភៈ ដូច្នេះយើងអាចប្រមូលផលបានកន្លះឆ្នាំនៅក្នុងរយៈពេលមួយឆ្នាំ។ បើដើមកាន់តែចាស់វាក៏ហុចផលកាន់តែច្រើន។ កសិកររូបនេះប្រាប់ថាសព្វថ្ងៃលោកក៏មានកូនពុទ្រាសម្រាប់លក់ទៅឱ្យកសិករណាដែលចង់បានយកទៅដាំបន្តដើម្បីរកប្រាក់ចំណូលបន្ថែមពីលើការងារធ្វើស្រែ ហើយលោកក៏ជួយបង្ហាត់បង្រៀនអំពីរបៀបដាំដុះ និងថែទាំពុទ្រាឱ្យទទួលបានផលល្អផងដែរ៕

ដោយ សុផល





