ឯកឧត្តម សរ សិទ្ធិ ណែនាំឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បន្តបំប៉នសមត្ថភាពអត្តពលិកត្រៀមដណ្តើមមេដាយ ស៊ីហ្គេម ឆ្នាំ២០២៥
AKP ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥--ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានណែនាំដល់អគ្គលេខាធិការដ្ឋានបន្តបំប៉នសមត្ថភាពដល់កីឡាករ កីឡាការិនីនៃសមាគមកីឡាចំណុះទាំងអស់ឱ្យបានខ្លាំងក្លា ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥នេះ។

ការណែនាំផ្តល់អនុសាសន៍របស់ឯកឧត្តម សរ សិទ្ធិ ត្រូវបានធ្វើឡើង ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥របស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ៖«ខ្ញុំគិតថា ការបន្តពង្រឹងនូវការហ្វឹកហាត់បំប៉នសមត្ថភាពឱ្យបានខ្លាំងក្លាបន្ថែមទៀតដល់កីឡាករ កីឡាការិនី នៃសមាគមកីឡាចំណុះទាំងអស់ជាកត្តាមិនអាចខ្វះបាន ប៉ុន្តែទន្ទឹមនោះបញ្ហាកង្វះខាតនូវធនធានសម្ភារ និងទីលានសម្រាប់ធ្វើការហ្វឹកហាត់ក៏ជាបញ្ហាប្រឈមរបស់យើងផងដែរ។ ប៉ុន្តែទោះបីជាជួបប្រទះនូវបញ្ហាទាំងនោះក្តី អគ្គលេខាធិការដ្ឋានត្រូវខិតខំឆ្នៃប្រឌិត និងសម្របសម្រួលជាមួយសហព័ន្ធកីឡាជាតិ សមាគមកីឡា និងក្លឹបកីឡា ដែលជាដៃគូពាក់ព័ន្ធនានាព្យាយាមដោះស្រាយនូវបញ្ហាប្រឈមទាំងនោះប្រកបដោយភាពទន់ភ្លន់ និងប៉ិនប្រសប់ ដើម្បីត្រៀមខ្លួនឈានឆ្ពោះទៅចូលរួមប្រកួតប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅព្រះរាជាណាចក្រថៃ នាចុងឆ្នាំ២០២៥ខាងមុខនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ»។

ឯកឧត្តម សរ សិទ្ធិ មានប្រសាសន៍ថា អគ្គលេខាធិការបានធ្វើរបាយការណ៍សង្ខេបមុននេះរួចហើយ លទ្ធផលការងារ ដែលអគ្គលេខាធិការដ្ឋានសម្រេចបាន ក្នុងឆ្នាំ២០២៤កន្លងមកនេះ ឯកឧត្តមពិតជាមានមោទកភាព និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច និងការទទួលខុសត្រូវប្រកបដោយឆន្ទៈខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក៏ដូចជាប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំ និងចូលរួមប្រកួត ក៏ដូចជាការពង្រឹងសមត្ថភាពដល់អត្តពលិកទាំងអស់របស់ក្រសួងមហាផ្ទៃ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។

លើកឡើងបន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការ សង្កត់ធ្ងន់ថា ជាការពិតណាស់ វិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនង ការបង្កើនសាមគ្គីភាព និងការលើកកម្ពស់សុខុមាលភាពសង្គម ដែលទាំងនេះជាកត្តាដ៏សំខាន់ ក្នុងការជំរុញ និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់។ មិនតែប៉ុណ្ណោះ ការចូលរួមក្នុងព្រឹត្តិការណ៍កីឡាបានបង្កើននូវការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងអត្តពលិកដែលបានចូលរួម។ ម្យ៉ាងវិញទៀត កីឡាក៏បានរួមចំណែកដល់ការកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ និងបញ្ចៀសបាននូវការប្រព្រឹត្តអំពើខុសច្បាប់នានានៅក្នុងសង្គម មានជាអាទិ៍៖ ការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងអំពើហិង្សាជាដើម ផ្ទុយទៅវិញកីឡាថែមទាំងនាំឱ្យយើងរក្សាបាននូវកាយសម្បទារឹងមាំ មានសុខភាពល្អ ដែលជាកត្តាកំណត់ដ៏សំខាន់សម្រាប់ បង្កើនផលិតភាពពលកម្ម និងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិរបស់យើង។ ជារួមកីឡាបានជួយពង្រឹងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានរឹងមាំ បង្កើនប្រាជ្ញាឈ្លាសវៃ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងលើកកម្ពស់សុខដុមនីយកម្មក្នុងសង្គមទាំងមូលផងដែរ។

បច្ចុប្បន្ននេះ វិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជាពិតជាកំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានកិច្ចខិតខំប្រឹងប្រែងលើកស្ទួយពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងសប្បុរសជននានាបានធ្វើឱ្យអត្តពលិក មានទឹកចិត្តខិតខំហ្វឹកហាត់ និងចូលរួមក្នុងការប្រកួតប្រជែងកាន់តែមានសន្ទុះខ្លាំងក្លាជាងមុន។ ជាមួយគ្នានេះ បច្ចុប្បន្នរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្តល់នូវគុណតម្លៃ និងការគាំទ្រដល់វិស័យកីឡា និងថែមទាំងបានឧបត្ថម្ភលើកទឹកចិត្តដល់អត្តពលិកជាបន្តបន្ទាប់ ទាំងការប្រកួតក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។
ជាចុងក្រោយ ឯកឧត្តម សរ សិទ្ធិ បានក្រើនរម្លឹកដល់ឯកឧត្តម អគ្គលេខាធិការ ឯកឧត្តមអគ្គលេខាធិការរង លោកប្រធាន លោក-លោកស្រីអនុប្រធានអង្គភាព លោក លោកស្រី ជាប្រតិភូ ប្រតិភូរង នាយនគរបាល និងមន្រ្តីនគរបាលទាំងអស់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានផ្តល់អនុសាសន៍មួយចំនួន ដែលមាន៤ចំណុចសំខាន់៖ ១-អគ្គលេខាធិការដ្ឋាន គិតគូវាយតម្លៃ និងធ្វើផែនការរួមមួយ សម្រាប់ជាទិសដៅដល់ការបង្វឹកកីឡាករ កីឡាការិនី ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។ ២-សិក្សាលើការបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាក្នុងតំបន់អាស៊ាន ដោយយើងអាចធ្វើត្រឹមតែ៣ ឬ៤ប្រទេសចូលរួមក៏បាន និងអាចរៀបចំធ្វើឱ្យបានមុនការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ។ ៣-ខិតខំបន្តកៀរគរមូលនិធិ ថវិកា និងសម្ភារៈពីសប្បុរសជន ក្រុមហ៊ុន អង្គការនានា ដើម្បីបន្តនិរន្តរភាព និងធានាបាននូវការហ្វឹកហាត់ និងការប្រកួតកីឡាចំណុះក្រសួងមហាផ្ទៃ។ ៤-ជំរុញមន្រ្តីរបស់ខ្លួនឱ្យលេងកីឡាតាមដែលខ្លួនចូលចិត្ត ព្រោះអាចផ្តល់នូវអត្តពលិកថ្មីៗ ពីមន្រ្តីអង្គភាពចំណុះ មកបញ្ចូលក្នុងសមាសភាពកីឡាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕
ដោយ ហេង ណាលីន





