មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ៖ កម្ពុជាសម្បូរដោយសត្វពស់ច្រើនប្រភេទ និងត្រូវរួមគ្នាថែរក្សាការពារសត្វពស់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥-- នៅប្រទេសកម្ពុជាសម្បូរទៅដោយសត្វពស់ជាច្រើនប្រភេទផ្សេងៗគ្នាក្នុងនេះមានដូចជាអំបូរពស់តុកែ អំបូរពស់ហនុមាន និងអំបូរពស់ផ្សេងៗទៀត ដូចជាអំបូរនៃពស់សម្លាប់កង្កែប អំបូរពស់ព្រៃ និងសាំងសឿ និងអំបូរពស់រំកាច់មាស។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានឱ្យដឹងថា ពួកយើងបានឃើញវត្តមានសត្វពស់ជាច្រើនប្រភេទផ្សេងៗទៀត ក្នុងនេះដូចជាអំបូរពស់វែកប្រភេទផ្សេងគ្នា រួមទាំង ពស់វែករនាមផងដែរ។ ពួកយើងរស់នៅក្បែរឧទ្យានជាតិ ជាហេតុនាំឱ្យពួកយើងជួបប្រទះពស់ជាប់ជាប្រចាំ។ នៅពេលដែលពួកយើងជួបប្រទះសត្វពស់ទាំងនោះ ពួកយើងមិនដែលធ្វើបាបទុក្ខទោសដល់ពួកវាឡើយ ព្រោះនៅទីនេះជាផ្ទះ ជាជម្រករបស់ពួកវា។


មជ្ឈមណ្ឌលនេះបានឱ្យដឹងបន្ថែមថា បើក្នុងករណីចាំបាច់ បុគ្គលិករបស់ពួកយើងដែលមានការបណ្តុះបណ្តាលដោយល្អ នឹងផ្លាស់ទីតាំងសត្វពស់ទាំងនោះទៅកាន់តំបន់ដែលនៅក្បែរនោះដោយសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពដល់ទាំងអ្នកមកទស្សនា ព្រមទាំងសត្វផ្សេងៗទៀតក្រោមការថែទាំរបស់ពួកយើង។ សត្វពស់មើលទៅហាក់គួរឱ្យខ្លាច ប៉ុន្តែពួកវាដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីឱ្យមានលក្ខណៈល្អ ហើយការប៉ុនប៉ងចាប់ ឬសម្លាប់ពួកវាកាន់តែបង្កើនឱ្យមានហានិភ័យនៃការខាំ ឬចឹកកាន់តែខ្លាំងឡើង ដោយសារតែពួកវាតែងតែមានប្រតិកម្មតបការពារនៅពេលដែលមានការគំរាមកំហែង។ ហេតុនេះ ប្រសិនបើលោកអ្នកជួបប្រទះឃើញពស់ប្រភេទណាមួយ សូមមេត្តានៅឱ្យឆ្ងាយ ចៀសវាងពីការខាំ ឬចឹករបស់ពួកវា៕


ដោយ៖ ដេប៉ូ





