ឯកឧត្តម នេត្រ ភក្រ្តា៖ គ្មានគណបក្សណាមួយមកជំនួសគណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល ការពារសន្តិភាព ការពារបូរណភាពដែនដី ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជាបានឡើយ
AKP ក្រចេះ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានគូសបញ្ជាក់ថា យើងទាំងអស់គ្នាអាចនិយាយដោយមោទកភាពថា រហូតមកដល់ពេលនេះ និងតទៅអនាគត គ្មានគណបក្សណាមួយមកអាចជំនួសគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាល ការពារសន្តិភាព ការពារបូរណភាពដែនដី អធិបតេយ្យភាពជាតិ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ជាតិកម្ពុជាបានឡើយ។ ឯកឧត្ដមបានលើកឡើងថា មកដល់ពេលនេះ គ្មានអ្វីត្រូវស្រពិចស្រពិលទៀតឡើយ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ និងជាចលករនៃការផ្លាស់ប្តូរពីស្ថានភាពដ៏លំបាក មកជាស្ថានភាពល្អប្រសើរ និងសូមជឿទុកចិត្តលើការផ្លាស់ប្តូរក្នុងភាពរីកចម្រើន និងសន្តិភាព ខណៈបច្ចុប្បន្ន ប្រជាជនកម្ពុជារស់នៅជាមួយនឹងភាពសុខដុមរមនាគ្រប់ជាតិសាសន៍ គ្មានការរើសអើង ប្រជាជនគ្រប់រូបទទួលបានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងទំនៀមទម្លាប់ប្រពៃណីដោយសេរី និងទទួលបានសេវាសាធារណៈទូលំទូលាយ និងស្មើភាពគ្នា។
ការគូសបញ្ជាក់របស់ឯកឧត្ដមបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥ ) នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ សិស្ស និស្សិតយ៉ាងច្រើនកុះករ ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ឥឡូវនេះ សុខសន្តិភាពនៅកម្ពុជាមានអាយុ ២៦ ឆ្នាំ ហើយប្រជាពលរដ្ឋខ្មែរក៏កាន់តែមើលឃើញពីតម្រូវការចាំបាច់នៃវត្តមានសន្តិភាពនៅកម្ពុជា នៅពេលដែលប្រទេសមួយចំនួននៅក្នុងតំបន់ និង នៅលើពិភពលោកកំពុងស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាមនិងអស្ថិរភាពនយោបាយ។ ឯកឧត្ដមបានបញ្ជាក់ផងដែរថា កាលបរិច្ឆេទនៃថ្ងៃបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃ នយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការ មួយនៅព្រះរាជាណាចក្រកម្ពុជា ត្រូវប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ហើយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាបានប្រារព្ធដោយជោគជ័យទិវាសន្តិភាពលើកទី១ ។

ឯកឧត្តម ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងបញ្ជាក់បន្ថែមថា យើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរដែលធ្លាប់រងគ្រោះដោយសារតែសង្គ្រាមបំផ្លិចបំផ្លាញ សូមប្រកាសគាំទ្រពេញទំហឹងចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា» និងសូមប្តេជ្ញាការពារសុខសន្តិភាពដែលកម្ពុជារកបានដោយពិបាកនេះ ឱ្យបានស្ថិតស្ថេរគង់វង្សរាប់ជំនាន់តទៅមុខទៀតដើម្បីភាពសុខសាន្តប្រជាជាតិខ្មែរ។ ជាមួយគ្នានេះ ឯកឧត្ដមបានឱ្យដឹងទៀតថា យើងទាំងអស់គ្នាជាពលរដ្ឋខេត្តក្រចេះ ក៏សូមប្រកាសគាំទ្រពេញទំហឹង លើការពង្រឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបខ្មែរក្រហម។ ទន្ទឹមនេះ សូមប្រកាសគាំទ្រផងដែរឱ្យមាន៖ «ការបង្កើតច្បាប់ដើម្បីដាក់ជនណា និងក្រុមណាដែល មានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ បំផ្លាញសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ជាតិគឺជាភេវរករដែលត្រូវនាំខ្លួន មកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព»។

ក្នុងឱកាសនោះ ឯកឧត្ដម នេត្រ ភក្រ្ដា ក៏បានលើកឡើងផងដែរដោយសូមប្តេជ្ញាចូលរួមអនុវត្តន៍មាគ៌ា គោលនយោបាយការទូតសន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការស្មើភាពជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ ស្មើសិទ្ធិ និងមានផលប្រយោជន៍ទាំងសងខាងស្របតាមបាវចនា «កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យផ្អែកលើច្បាប់»៕

ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





