ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ថ្លែងបញ្ជាក់ថា ជ័យជម្នះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌
AKP ក្រចេះ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងបញ្ជាក់ថា ជ័យជម្នះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌ ហើយជ័យជម្នះ ៧ មករា បានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាពីការកាប់សម្លាប់ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបានបាត់បង់ទាំងស្រុងក្នុងរបបខ្មែរក្រហម ប៉ុល ពត ដែលបានធ្វើឱ្យតម្លៃខាងស្មារតី និងសម្ភាររបស់ប្រជាជាតិខ្មែរ ដែលបានកសាងពូនផ្តុំក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ខ្លួនបានរស់ឡើងវិញ។
ឯកឧត្ដមបានលើកឡើងថា ឈរលើមូលដ្ឋានជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាបានដណ្តើមមកវិញនូវភាពជាម្ចាស់មាតុភូមិកម្ពុជា និងលើវាសនារបស់ខ្លួន ហើយប្រជាជនកម្ពុជាបានប្រសិទ្ធនាមជ័យជម្នះ ៧ មករា ថាជា «ថ្ងៃកំណើតទី២ របស់ខ្លួន, បើគ្មានថ្ងៃទី៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ»។ ទាំងនេះ ជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លេច បំភ្លៃ និងបំផ្លាញបានទ្បើយ ហើយ «មានតែអ្នកស្រទ្បាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា»។ ការថ្លែងបញ្ជាក់របស់ឯកឧត្ដមបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃការប្រារព្ធទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥ ) នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋប្រមាណ ២ ០០០ នាក់ ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ថ្ងៃជ័យជម្នះ ៧ មករា គឺជាថ្ងៃវិសេសវិសាលនៃការរំឭកឡើងវិញពីការជួយសង្រ្គោះជាតិ និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតទ្បើងវិញទាន់ពេលវេលា រួចផុតពីអំពើសោកនាដកម្ម ការធ្វើទារុណកម្មសព្វបែបយ៉ាង និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុតដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា និង របស់មនុស្សជាតិប្រព្រឹត្តឡើងដោយក្រុមខ្មែរក្រហម ប៉ុល ពត។ ឯកឧត្ដមបានបន្ដថា កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ឯកឧត្ដមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានរម្លឹងផងដែរថា លើមូលដ្ឋាននៃការពង្រីកជ័យជម្នះ ៧ មករា ឆ្ពោះទៅមុខឥតឈប់ឈរ របបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រជាច្រើន ។ ទន្ទឹមនេះ សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាបន្ន គឺជាលក្ខខ័ណ្ឌចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខសន្តិភាពនិងស្ថិរភាពសង្គម។ ឯកឧត្ដមបានអះអាងថា សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ន គឺជាបទពិសោធន៍មួយរបស់ប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានញាំញីដោយសារសង្គ្រាម ហើយបច្ចុប្បន្នកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា ប្រវត្តិសាស្ត្រ និងប្រជាជនកម្ពុជា នឹងចងចាំថា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពិឃាតខ្មែរក្រហម និងបានរំលាយអង្គការចាត់តាំងរបស់ខ្មែរក្រហមទាំងស្រុងទាំងផ្នែកយោធា នយោបាយក្រោមនយោបាយ ឈ្នះ-ឈ្នះ ដាក់ចុះដោយ សម្តេចតេជោ និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យុត្តិធម៌ត្រូវបានផ្តល់ជូនជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត តាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម។ ឯកឧត្ដមបានបន្ដទៀតថា នៅពេលនេះ ក្រុមអ្នកបន្តវេនដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៧នេះ បាននិងកំពុងបន្តថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេស ប្រកបដោយភាពស្វាហាប់ និងការទទួលខុសត្រូវខ្ពស់ និងទទួលបាននូវភាពជឿជាក់ និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអាននូវសុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយរំលេចពីដំណើរការប្រារព្ធពិធីអបអរសាទរ ថ្ងៃ ៧ មករា ឆ្នាំ២០២៥ ជាថ្ងៃគម្រប់ខួប ៤៦ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។ នៅក្នុងសន្ទរថារបស់ សម្តេចតេជោ ក៏បានរំលេចឱ្យយើងទាំងអស់គ្នាបានយល់ច្បាស់អំពីដំណើររបស់កម្ពុជាក្នុងរយៈពេល ៤៦ ឆ្នាំកន្លងមកនេះ ដោយចេញពីការសង្គ្រោះជាតិចេញពីរបបខ្មែរក្រហម ប្រល័យពូជសាសន៍ មកការកសាងជាតិឡើងវិញ ចេញពីគំនរផេះផង់ឈាមនិងទឹកភ្នែក រហូតដល់កម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនរុងរឿងដូចសព្វថ្ងៃនេះ។ សន្តិភាពមានតម្លៃជាទីបំផុតសម្រាប់យើងទាំងអស់ ហើយបើគ្មានសន្តិភាព យើងក៏នឹងមិនមានអ្វីៗទាំងអស់នៅពេលនេះដែរ ៕

ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





