ឯកឧត្តម ចាន់ យុត្ថា សន្យាថានឹងកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រផ្លូវគមនាគមន៍បន្ថែមលើអ្វីដែលអាជ្ញាធរមូលដ្ឋានកំពុងធ្វើបាន
AKP កំពង់ធំ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពក បានសន្យាថានឹងកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ ផ្លូវគមនាគមន៍បន្ថែមលើអ្វីដែលអាជ្ញាធរកំពុងធ្វើ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះឃុំពពក នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅវត្តពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំដល់អាជ្ញាធរឃុំពពក ត្រូវអនុវត្តតួនាទី/ភារកិច្ច និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវឱ្យបានឆាប់រហ័ស ហើយត្រូវចុះជួបផ្ទាល់ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងសិក្សាស្វែងយល់ដល់គ្រប់ខ្នងផ្ទះ ដើម្បីទទួលបាននូវព័ត៌មាន តម្រូវការ អាទិភាពជាក់ស្ដែងបំផុត ជាពិសេសបញ្ហាបន្ទាន់នានាដែលឃុំពុំមានលទ្ធភាពសម្រេច និងដោះស្រាយ សូមធ្វើរបាយការណ៍ និងបញ្ជូនមករដ្ឋបាលស្រុក និងក្រុមការងារឱ្យបានដឹងជួយសម្របសម្រួល និងដោះស្រាយជាបន្ទាន់។

ឯកឧត្តមបានជំរុញដល់លោកមេឃុំ អាជ្ញាធរឃុំពពក ត្រូវធ្វើការទំនាក់ទំនង និងអញ្ជើញភាគីក្រុមហ៊ុនចម្ការកៅស៊ូដើម្បីដោះស្រាយបញ្ហាផ្សេងៗជាពិសេសការបិទផ្លូវ ការបំពុលទឹកអូរនៅសាលាឃុំឬសាលាស្រុកដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងសំណូមពរ ព្រមទាំងតម្រូវការកង្វល់របស់ប្រជាពលរដ្ឋឱ្យបានជាក់ស្ដែង និងទាន់ពេលវេលា។

ទន្ទឹមនឹងនេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់អាជ្ញាធរឃុំត្រូវផ្ដល់សេវាទូទៅ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាប្រកបដោយការជឿទុកចិត្ត៕
ដោយ ស៊ុម វណ្ណា





