ឯកឧត្តម នួន ផារ័ត្ន នាំយកអំណោយរាជរដ្ឋាភិបាលចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្រុកប្រាសាទសំបូរ
AKP កំពង់ធំ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បាននាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចែកជូនមុខសញ្ញាជាជនងាយរងគ្រោះតាមសហគមន៍ជាគ្រួសារអតីតយុទ្ធជន និងជនរងគ្រោះដោយធម្មជាតិ មានជីវភាពខ្វះខាតដែលមកពីឃុំគោលនិងឃុំឈូក ស្រុកប្រាសាទសំបូរ ចំនួន២០០គ្រួសារនៅបរិវេណសាលាស្រុកប្រាសាទសំបូរ។

ឯកឧត្តម នួន ផារ័ត្ន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែតដែលជានិច្ចកាលសម្ដេចតែងតែបានគិតគូរយកចិត្តទុកដាក់អំពីសុខុមាលភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ និងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាត្រូវជ្រើសរើសមុខសញ្ញាឱ្យបានចំគោលដៅពិតប្រាកដ សំដៅធានាបានការចែកអំណោយនេះពិតឆ្លើយតបបាននូវការខ្វះខាតពិតប្រាកដ មានតម្លាភាព។

ជាមួយគ្នានេះដែរ ឯកឧត្តមបន្តថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះថ្វីត្បិតតែអំណោយមនុស្សធម៌ទាំងនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ ដែលកំពុងត្រូវការជាចាំបាច់នូវស្បៀងអាហារ ផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ និងបានសំណូមពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ មេត្តាជួយតាមដាន អប់រំ ណែនាំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងសូមចូលរួមសហការតាមរយៈការជួយផ្ដល់ព័ត៌មានមកសមត្ថកិច្ចក្នុងករណីបានដឹងថា មានបទល្មើសគ្រឿងញៀន ឬក្មេងទំនើងកើតឡើងក្នុងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តកំពង់ធំបានណែនាំដល់ប្រជាពលរដ្ឋជាពិសេសកុមារ និងមនុស្សវ័យចំណាស់ ត្រូវចេះការពារនិងថែរក្សាសុខភាពឱ្យបានល្អ នារដូវត្រជាក់នេះ ជៀសវាងជំងឺដង្កាត់ ដែលអាចកើតមានជាយថាហេតុ។
សូមបញ្ជាក់ថា សម្រាប់អំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋទាំង២០០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាននូវអង្ករ ត្រីខ ភួយ ទឹកស៊ីអ៊ីវ និងឃីត១កញ្ចក់ផងដែរ៕
ដោយ ស៊ុម វណ្ណា





