កូរ៉េខាងត្បូងឈ្នះកិច្ចព្រមព្រៀងសាងសង់រោងចក្រនៅបរទេសដែលមានតម្លៃ៣៤ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ -- ក្រសួងឧស្សាហកម្មបាននិយាយកាលពីថ្ងៃអង្គារថាក្រុមហ៊ុនកូរ៉េខាងត្បូងទទួលបានកិច្ចសន្យានៅក្រៅប្រទេសដែលមានតម្លៃ ៣៤ប៊ីលានដុល្លារអាម៉េរិកសម្រាប់ការសាងសង់រោងចក្រឧស្សាហកម្មនៅឆ្នាំ២០២៤ ដែលជាចំនួនខ្ពស់បំផុតក្នុង រយៈពេលជិត ១០ឆ្នាំ។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថា តួលេខនេះតំណាងឱ្យការកើនឡើង ១២,៧% ពី៣០,២ប៊ីលានដុល្លារអាម៉េរិកដែលបានកត់ត្រាក្នុងឆ្នាំ២០២៣ និងជាចំនួនធំបំផុតចាប់តាំងពី ៣៦,៤ប៊ីលានដុល្លារអាម៉េរិកដែលបានចុះផ្សាយក្នុង២០១៥។
ក្រសួងបានសន្មតថា ការអនុវត្តដ៏រឹងមាំចំពោះគម្រោងដែលបានឈ្នះនៅតំបន់មជ្ឈិមបូព៌ាដែលមានចំនួន ១៥,៥២ប៊ីលានដុល្លារអាម៉េរិកដែលស្មើនឹង ៤៦% នៃចំនួនសរុប។ រដ្ឋាភិបាលបានបន្ថែមថា ក្រុមហ៊ុនកូរ៉េខាងត្បូងក៏បានធ្វើឱ្យមានវឌ្ឍនភាពក្នុងការធ្វើពិពិធកម្មរបស់ពួកគេដើម្បីរួមបញ្ចូលទីផ្សារអឺរ៉ុប និងអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៤។
ក្រសួងបានកត់សម្គាល់ថា គម្រោងសាងសង់រោងចក្រមានផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងសំខាន់ ដោយជះឥទ្ធិពលលើវិស័យផ្សេងៗដូចជាការផលិតឧបករណ៍ វិស្វកម្ម ការប្រឹក្សា និងហិរញ្ញវត្ថុ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល លោក ឆុង អ៊ីនយ៉ូ (Cheong In-kyo)បាននិយាយថា «រដ្ឋាភិបាលគ្រោងនឹងបន្តផ្តល់ការគាំទ្រចាំបាច់ទាំងអស់ដល់អាជីវកម្មដើម្បីរក្សាសន្ទុះ»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





