យ៉ាងហោចណាស់មនុស្ស ១២នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ -- យោងតាមប្រភពពីប៉ាឡេស្ទីនបានឱ្យដឹងថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ១២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអង្គារ។
លោក ម៉ាហ៍មូដ បាសាល់ (Mahmoud Basal) អ្នកនាំពាក្យរបស់អាជ្ញាធរការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា បាននិយាយថា មនុស្ស ៤នាក់បានស្លាប់ និង៥នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅក្នុងជំរុំជនភៀសខ្លួន Al-Shati ភាគខាងលិចនៃតំបន់ហ្គាហ្សា។
លោក បាសាល់ បានបន្ថែមថា ជនជាតិប៉ាឡេស្ទីន ៣នាក់ទៀតបានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលយន្តហោះអ៊ីស្រាអែលបានវាយប្រហារការប្រមូលផ្តុំមួយនៅតំបន់ Jabalia Al-Nazla នៅភាគខាងជើង តំបន់ហ្គាហ្សាស្ទ្រីប ។
នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយ មន្ទីរពេទ្យ Al-Awda បានរាយការណ៍ថា ខ្លួនបានទទួលសាកសពមនុស្សស្លាប់ម្នាក់ និងរបួស ២នាក់បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅជិតជំរុំជនភៀសខ្លួន Al-Nuseirat នៅកណ្តាលតំបន់ហ្គាហ្សា។
លោក ហូសសាម អាល់ ដាក់រ៉ាន់ (Hussam Al-Daqran)អ្នកនាំពាក្យមន្ទីរពេទ្យ Al-Aqsa នៅតំបន់ Deir al-Balah ភាគកណ្តាលតំបន់ហ្គាហ្សា បាននិយាយថា ក្រុមគ្រូពេទ្យបានរកឃើញសាកសព៤នាក់ និងអ្នករបួសជាច្រើននាក់បន្ទាប់ពីការវាយប្រហារតាមអាកាសសំដៅលើផ្ទះមួយខ្នងក្នុងជំរុំជនភៀសខ្លួន Al-Bureij ។
យោធាអ៊ីស្រាអែលបាននឹងកំពុងធ្វើប្រតិបត្តិការទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សាបន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស់លើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបណ្តាលឱ្យជនជាតិអ៊ីស្រាអែលប្រហែល ១.២០០នាក់បានស្លាប់ និងចំណាប់ខ្មាំងប្រហែល ២៥០នាក់ត្រូវបានចាប់ខ្លួនចូលទៅក្នុងតំបន់ហ្គាហ្សា។
អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាបានរាយការណ៍កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលបានកើនឡើងដល់ ៤៥.៨៨៥នាក់។ ពួកគេក៏បានព្រមានផងដែរអំពីកង្វះខាតប្រេងឥន្ធនៈដែលគំរាមកំហែងដល់មន្ទីរពេទ្យ ស្ថានីយ៍អុកស៊ីហ្សែន និងកន្លែងវេជ្ជសាស្ត្រផ្សេងទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





