អ៊ីរ៉ង់ចាប់ផ្តើមសមយុទ្ធការពារដែនអាកាសនៅជិតរោងចក្រនុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ -- ទូរទស្សន៍រដ្ឋបានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមសមយុទ្ធការពារដែនអាកាសរួមគ្នាទ្រង់ទ្រាយធំមួយនៅជិតកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Natanz ក្នុងខេត្តអ៊ីសហ្វាហាន់ ភាគកណ្តាលកាលពីថ្ងៃអង្គារ។
ទូរទស្សន៍ IRIB TV បាននិយាយថា សមយុទ្ធ «Eqtedar» (Power) 1403 ត្រូវបានដាក់ឱ្យដំណើរការតាមបញ្ជារបស់មេបញ្ជាការមូលដ្ឋានការពារដែនអាកាសតំបន់ Khatam al-Anbia លោក កាដឺ រ៉ាហ៊ីមហ្សាដេហ៍ (Qader Rahimzadeh) ។
យោងតាមទូរទស្សន៍ IRIB TV បានឱ្យដឹងថា ដំណាក់កាលទីមួយពាក់ព័ន្ធនឹងអង្គភាពកងទ័ពអាកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដែលធ្វើ «ការការពារចំណុចទាំងអស់នៃទីតាំងនុយក្លេអ៊ែរប្រឆាំងនឹងការគំរាមកំហែងពីលើអាកាសជាច្រើននៅក្រោមលក្ខខណ្ឌសង្គ្រាមអេឡិចត្រូនិចដ៏លំបាក»។
អ្នកនាំពាក្យអង្គភាព IRGC លោក អាលី ម៉ូហាមម៉ាដ ណាអ៊ីនី (Ali-Mohammad Naeini) បាននិយាយថា សមយុទ្ធប្រចាំឆ្នាំមានគោលបំណងរក្សា និងកែលម្អការត្រៀមលក្ខណៈយោធា ទប់ទល់នឹងការគំរាមកំហែងខាងយោធាដែលអាចកើតមាន ការបំផ្លិចបំផ្លាញ និងការលើកកម្ពស់សីលធម៌ជាតិ។
សមយុទ្ធនេះបានធ្វើឡើងបន្ទាប់ពីគេហទំព័រព័ត៌មានសហរដ្ឋអាមេរិកAxios បានរាយការណ៍កាលពីសប្តាហ៍មុនថា ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានបង្ហាញជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) នូវជម្រើសសម្រាប់ការវាយប្រហារដ៏មានសក្តានុពលរបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរនៃប្រទេសអ៊ីរ៉ង់ «ប្រសិនបើប្រជាជនអ៊ីរ៉ង់ឆ្ពោះទៅរកអាវុធនុយក្លេអ៊ែរមុនថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





