អ៊ុយក្រែន៖ ការបំផ្លិចបំផ្លាញទំនប់វារីអគ្គីសនី Kakhovka ធ្វើឱ្យខូចខាតដល់ទៅ ១៤ប៊ីលានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ -- ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានដកស្រង់សម្តីរដ្ឋមន្ត្រីរដ្ឋាភិបាលមួយរូបថា ការបំផ្លិចបំផ្លាញរោងចក្រថាមពលវារីអគ្គិសនីកាខូវកា (Kakhovka) និងទំនប់វារីអគ្គិសនីរបស់ខ្លួនបានធ្វើឱ្យមានការខូចខាតប្រហែល ១៤ប៊ីលានដុល្លារអាម៉េរិកដល់ប្រទេសអ៊ុយក្រែន។
លោកស្រី ស្វីតឡាណា ហ្គី្រនជុក (Svitlana Grynchuk) រដ្ឋមន្ត្រីក្រសួងការពារបរិស្ថាន និងធនធានធម្មជាតិអ៊ុយក្រែន បាននិយាយថា«យើងប៉ាន់ស្មានថា ការខូចខាតជិត ១៤ប៊ីលានដុល្លារអាម៉េរិកដោយសារការបំផ្លាញទំនប់វារីអគ្គិសនី Kakhovka និងការបាត់បង់ធនធានទឹក»។
លោកស្រីបានគូសបញ្ជាក់ថា ប្រហែល ៣០% នៃមូលនិធិអភិរក្សធម្មជាតិនៃតំបន់ Kherson ត្រូវបានជន់លិច ហើយជាលទ្ធផលបានបាត់បង់ដោយសារតែការបំផ្លាញទំនប់វារីអគ្គិសនី Kakhovka ។
រដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលកំពុងធ្វើការដើម្បីកំណត់ប្រភពផ្គត់ផ្គង់ទឹកថ្មី និងសាងសង់ប្រឡាយថ្មី ដើម្បីធានាលទ្ធភាពទទួលបានទឹកស្អាតសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ទំនប់វារីអគ្គិសនី Kakhovka ត្រូវបានបំផ្លាញនៅក្នុងខែមិថុនាឆ្នាំ២០២៣ ដែលបង្កឱ្យមានទឹកជំនន់រីករាលដាល។ អ៊ុយក្រែនបានចោទរុស្ស៊ីថាបានវាយប្រហារទំនប់នេះ ប៉ុន្តែរុស្ស៊ីបានច្រានចោលការចោទប្រកាន់នេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





