ជ័យលាភី៦រូបចុងក្រោយត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តគម្រោងបណ្តុះបណ្តាលស្តីពីនវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥-- ក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរដល់សិក្ខាកាមជ័យលាភីទាំង៦រូបចុងក្រោយ ដែលត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តគម្រោងនវានុវត្តន៍ នៃកម្មវិធីបណ្តុះបណ្តាលស្តីពីនវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលវគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ។

បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កន្លងមកសិក្ខាកាមជានាយក នាយករង នៃអនុវិទ្យាល័យ និងបឋមសិក្សា ព្រមទាំងប្រធាន អនុប្រធាន នៃមណ្ឌលសុខភាពទូទាំងប្រទេសសរុបចំនួន៧០១រូបបានចុះឈ្មោះចូលរៀនក្នុងវគ្គបណ្តុះបណ្តាលស្តីពីនវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងគម្រោង។ បន្ទាប់មកគណៈកម្មការជ្រើសសម្រាំងសិក្ខាកាមបានសម្រាំងយកសិក្ខាកាមចំនួន៣០រូប សម្រាប់វិស័យអប់រំ និង៣០រូបផ្សេងទៀតសម្រាប់វិស័យសុខាភិបាល ហើយក្រោយពីបានសិក្សាពីទ្រឹស្តី និងដកស្រង់បទពិសោធន៍រួចមក សិក្ខាកាមត្រូវបានតម្រូវឱ្យរៀបចំជាសំណើគម្រោងនៃការអនុវត្តគំនិតនវានុវត្តន៍ ដើម្បីកែលម្អការគ្រប់គ្រង និងការផ្តល់សេវារបស់អង្គភាព។ ជាលទ្ធផលគណៈកម្មការវាយតម្លៃគម្រោងនវានុវត្តន៍ទាំងពីរដំណាក់កាលបានសម្រេចផ្តល់ជ័យលាភីបេក្ខជន៣រូបក្នុង១វិស័យ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





