ថ្នាក់ដឹកនាំមន្ត្រីរាជការប្រជាពលរដ្ឋខេត្តកំពតរីករាយប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជម្នះ៧មករា
AKP កំពត ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥-- នៅបរិវេណរមណីយដ្ឋានស្រះឈូក ខេត្តកំពត មានប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ - ៧មករា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី០៧ មករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងរាស្ត្រ ឯកឧត្តម លោកជំទាវគណៈអភិបាលបាលខេត្ត មន្រ្តីរាជការ កងកម្លាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរយនាក់។


ក្រុមយុវជនចូលរួមបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងដឹងគុណយ៉ាងខ្លាំងចំពោះសម្តេចតជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែលបានរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ។


លោក អ៊ុន សៀត ប្រជាពលរដ្ឋរស់នៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត អាយុ៧១ឆ្នាំ បានរំលឹកអំពីអតីតកាលដ៏ជូរចត់របស់ខ្លួន ក្នុងសម័យប៉ុល ពត និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់នូវថ្ងៃកំណើតទី២។ លោកបានផ្តាំផ្ញើទៅក្មេងជំនាន់ក្រោយឱ្យថែរក្សាសន្តិភាព តាមរយៈការបន្តចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។

បន្ទាប់ពីឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានឡើងអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអង្គមីទ្ទីញរំឭកខួបលើកទី៤៦ នៃទិវាជ័យជំនះ៧មករា១៩៧៩ ៧មករា ២០២៥ រួចមក អង្គពិធីក៏មានកម្មវិធីលែងសត្វព្រាប និងបង្ហោះប៉េងប៉ោងផងដែរ៕
ដោយ ប្រាក់ លាង





