ឯកឧត្តម កែ គឹមយ៉ាន ចាត់ទុកស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានចាត់ទុកស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ។ ការលើកឡើងបែបនេះក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) និងវត្តមាននិមន្តចូលរួម និងចូលរួមពីព្រះសង្ឃ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាល មន្រី្តរាជការ អាជ្ញាធរដែនដី យុវជន និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងថា ស្មារតីជ័យជម្នះ ៧ មករា គឺស្ថិតស្ថេរ និងរស់រវើកក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់ ជាស្មារតីនៃសន្តិភាពបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដែលប្រជាជនកម្ពុជាចងចាំមិនអាចបំភ្លេចបានថា មាតុភូមិកម្ពុជាបានឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតបំផុតជាសមុទ្រឈាមនិងទឹកភ្នែករបស់ប្រជាជន។ ឯកឧត្ដមបានបញ្ជាក់ថា ជ័យជម្នះ ៧មករា បានវាយរលំរបបប្រល័យពូជសាសន៍បិទទំព័រសករាជដ៏ខ្មៅងងឹត សាហាវយង់ឃ្នងបំផុតដណ្តើមបានមកវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង សេចក្តីថ្លៃថ្នូរមនុស្សជាតិរស់ឡើងវិញ។ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងបន្តថា នៅគ្រប់អាណត្តិរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្ស រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងសមាជិកទាំងអស់បានរួមសាមគ្គីគ្នាបន្តខិតខំយកអស់កម្លាំងកាយចិត្តកសាងនិងអភិវឌ្ឍន៍ប្រទេសបានរីកចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន ក៏បានអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវគាំទ្រការកសាងច្បាប់ដែលនឹងកំណត់ថាជនណា ឬក្រុមណាដែលមានគម្រោងការ ឬឃុបឃិតបង្កើតចលនាប្រឆាំងនិយម បង្កអសន្តិសុខដល់សង្គម បង្កជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរាជរដ្ឋាភិបាលស្របច្បាប់គឺជាភេរវករដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោស ដើម្បីបន្តរួមគ្នាថែរក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនំាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តម កែ គឹមយ៉ាន បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់សូមប្រើប្រាស់ទឹកដោយសន្សំសំចៃបំផុត ចំគោលដៅ ដើម្បីរក្សាបាននូវសុវត្ថិភាពសន្តិសុខទឹកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងខាងមុខ និងបានឧបត្ថម្ភជូននិវត្តន៍ជន ចំនួន១០០នាក់ សិស្សនិទ្ទេស A ចំនួន ៧៤នាក់ និងក្រុមកីឡាករទទួលជ័យលាភីថ្នាក់ជាតិចំនួន៧៦នាក់ សរុបរួមជាថវិកា ១៨៧លាន ៣៥០ពាន់រៀល៕
ដោយ៖ រិទ្ធី





