ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចូលរួមអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជម្នះ៧មករា
AKP កំពង់ធំ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ -- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមក្នុងពិធីមិទ្ទីញអបអរសាទរខួបលើកទី៤៦ ទិវាបុណ្យជាតិ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) នៅសួនកុមារខេត្តស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានឡើងអានសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមិទ្ទីញរំលឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ដោយបានបញ្ជាក់ថា ខួបទី៤៦ឆ្នាំនៃទិវាមាជ័យជម្នះ ៧មករា ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន បានធ្វើឱ្យប្រជាជាតិខ្មែររស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់យ៉ាងឃោឃៅបំផុតក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ ទិវាខួបលើកទី៤៦ឆ្នាំនេះ ដើម្បីរំលឹក និងចងចាំជានិច្ច នូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយនឹងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធនឹងធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទប់ស្កាត់មិនឱ្យរបបនេះវិលត្រឡប់មកវិញបាន។

ឯកឧត្តម នួន ផារ័ត្ន បានរំលេចនូវខ្លឹមសារសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ក៏ដោយសារមានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ហើយយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ គឺដោយសារការអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ និងការបែកបាក់ជាតិ ក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងមក ធ្វើឱ្យប្រទេសជាតិយើងមានការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨។

ឧត្តមសេនីយ៍ទោ សោម ស៊ុន តាងនាមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមអបអរសាទរយ៉ាងក្លៀវក្លាចំពោះខួបលើកទី៤៦ នៃទិវាបុណ្យជាតិ៧មករា ដោយបានបញ្ជាក់ថា មានថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់បែបយ៉ាងនៅថ្ងៃនេះ ហើយថ្ងៃទី ៧ មករាឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប។
ក្នុងឱកាសនេះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្ដេជ្ញាចិត្តដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្តេជ្ញាចិត្តក្នុងការការពារសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





