មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋប្រារព្ធមិទ្ទីញខួបលើកទី៤៦ ថ្ងៃជ័យជម្នះ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២៥)
AKP ព្រះសីហនុ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ -- មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ រៀបចំប្រារព្ធធ្វើមិទ្ទិញអបអរសាទរខួបអនុស្សារីយ៍ខួបលើកទី៤៦ ស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩-២០២៥ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២៥ នៅវេទិកាបុណ្យជាតិ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ ដោយមានការចូលរួមពីអគ្គកុងស៊ុលវៀតណាម អគ្គកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តសរុបចំនួន ១ ៨២៧នាក់។

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត និងជាអភិបាលខេត្តព្រះសីហនុ បានអានសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អំពីសមទ្ធិផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសរយៈពេល៤៦ឆ្នាំកន្លងមក។ គ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយ ឆ្លើយតបទៅតាមសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជនគ្រប់កាលទេសៈទោះបីប្រទេសជាតិជួបនូវវិបត្តិផ្សេងៗពិសេសវិបត្តិនៃជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ ដោយរកវ៉ាក់សាំងចាក់ការពារជូនដល់ប្រជាពលរដ្ឋ បន្តការអភិវឌ្ឍប្រទេសជាតិ ដើមី្បបំពេញនូវតម្រូវការចាំបាច់របស់ប្រជាជន។

ឯកឧត្តមបានបន្តថា ខួបទី៤៦នៃទិវាជ័យជំនះ៧មករា ធ្វើឱ្យយើងចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបនេះវិលត្រឡប់មកវិញ។ យើងទាំងអស់គ្នាសូមលំឱនកាយសង្រួមចិត្ត គោរពដល់ដួងវិញ្ញាណក្ខន្ធជនរួមជាតិជាង ៣លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអណោចអធម និងអយុត្តិធម៌បំផុតក្នុងរបបដ៏ឃោរឃៅនេះ និងសូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកអ្នកបានទៅកាន់សុគតិភព។

ឯកឧត្តមបានថ្លែងអំណគុណប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះបានយកអស់កម្លាំងកាយចិត្ត អនុវត្តនយោបាយនេះ រហូតសម្រេចបានជោគជ័យយ៉ាងធំធេងជូនជាតិ មាតុ ភូមិ នេះគឺជាការយកអាយុជីវិតធ្វើដើមទុនជាលើកទី២ របស់ព្រះករុណា ខ្ញុំ ដើម្បីជាតិ និងប្រជាជន ជោគជ័យនៃនយោបាយឈ្នះឈ្នះបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាព ដ៏យូរ អង្វែង ការផ្សះផ្សារជាតិ និងការអភិវឌ្ឍកម្ពុជា ថែមទាំងលុបបំបាត់ក្តីកង្វល់សន្តិសុខដ៏ធំសម្រាប់តំបន់ទាំងមូល ក៏ដូចសម្រាប់ប្រទេសជាច្រើនលើសកលលោកថែមទៀតផង។ រយៈពេល២៦ឆ្នាំកន្លងមក ក្រោមម្លប់សន្តិភាពបានអនុញ្ញាតឱ្យយើងប្រមូលផ្តុំកម្លាំងជាតិ ធនធាន និងលទ្ធភាពគ្រប់យ៉ាង ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យដោយល្បឿនលឿនផ្លាស់ប្តូរប្រវត្តិសាស្ត្រស្ទើរតែពុំនឹកស្មានដល់។ ឆ្លងកាត់ពេលជាង៥០ឆ្នាំ នៃការបម្រើជាតិ និងប្រជាជន សូមគូសបញ្ជាក់ជូនជនរួមជាតិនូវចំណុចមួយចំនួន៖ ១- រដ្ឋប្រហារ ១៨ មីនា ១៩៧០ របស់លន់ នល់ តាមខ្សែញាក់របស់បរទេស គឺឈ្នួលនៃភ្លើងសង្គ្រាមពេញទំហឹង ដែលបានធ្វើសន្តិភាពដែលខ្វះស្ថិរភាពនៅកម្ពុជា ត្រូវបាត់បង់ទាំងស្រុង បង្កនូវវិនាសកម្មដល់ជាតិពុំអាចគណនាបាន រុញកម្ពុជាធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍។ ២- អំពើប្រល័យពូជសាសន៍បង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត គឺជាតថភាពប្រវត្តិសាស្ត្រមួយ ជ័យជម្នះ ៧មករា ១៩៧៩ ជាថ្ងៃរំដោះជាតិ និងប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។ ៣- សន្តិភាព និងការផ្សះផ្សារជាបញ្ហាចម្បងរបស់ពិភពលោក ខណៈពេលសង្គ្រាមកំពុងតែឆាបឆេះយ៉ាងសន្ទោសន្ធៅនៅតាមតំបន់មួយចំនួន ដែលគំរាមកំហែងដល់អរិយធម៌មនុស្សជាតិ ការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបានលទ្ធផលផ្លែផ្កា និងជឿទុកចិត្តរបស់ប្រជាជន។ ៤- កម្ពុជាបច្ចុប្បន្នកំពុងពុះពារឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ ដើម្បីកសាងអនាគតរបស់ខ្លួនក្លាយជាអរិយប្រទេសដូចបណ្តាប្រទេសលើពិភពលោក ដោយគ្នានកើតមានជាថ្មីនូវសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ ៥- មូលដ្ឋានជ័យជម្នះ ៧មករា ធ្វើឪ្យកម្ពុជាធ្លាក់ចេញពីគន្លងអភិវឌ្ឍន៍ ត្រូវដើរថយក្រោយរាប់សឹបឆ្នាំ កំពុងបានពង្រឹង និងពង្រីកខ្លួនឡើងវិញក្នុងជំហរឈានឆ្ពោះទៅមុខស្របតាមក្រឹត្យក្រម នៃការអភិវឌ្ឍសង្គម ផ្តល់នូវមុញ្ញផលដ៏វិសេស វិសាលដល់ប្រជាជនគ្រប់រូបរស់នៅក្នុងសន្តិភាព សេរីភាព សេចក្តីថ្លៃថ្នូរ និងមានសេចក្តីសង្ឃឹមចំពោះអនាគត។ ៦- សូមថ្លែងអំណគុណ ចំពោះសហគមន៍អន្តរជាតិ ក្នុងកិច្ចប្រឹងប្រែងរកសន្តិភាពជូនប្រទេសកមពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងប្រទេសជាមិត្តរបស់កម្ពុជា បាន និងកំពុងពង្រឹងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដើម្បីបុព្វហេតុសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍៕
ដោយ ងូ សុមុនី





