ថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំ ប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជម្នះ៧មករា
AKP កំពង់ធំ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ -- ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្រុងស្ទឹងសែន ខេត្តកំពង់ធំយ៉ាងច្រើនកុះករ អញ្ជើញចូលរួមក្នុងពិធីមិទ្ទីញអបអរសាទរខួបលើកទី៤៦ ទិវាបុណ្យជាតិ ៧មករា (៧ មករា១៩៧៩ - ៧មករា ឆ្នាំ២០២៥) នៅសួនច្បារមាត់ស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានឡើងអានសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងពិធីមិទ្ទីញរំលឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ដោយបានបញ្ជាក់ថាខួបទី៤៦ឆ្នាំនៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ប៉ុល ពត អៀង សារី ខៀវ សំផន បានធ្វើឱ្យប្រជាជាតិខ្មែររស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្មនិងការកាប់សម្លាប់យ៉ាងឃោឃៅបំផុតក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ ទិវាខួបលើកទី៤៦ឆ្នាំនេះដើម្បីរំលឹក និងចងចាំជានិច្ចនូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយនឹងវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទប់ស្កាត់មិនឱ្យរបបនេះវិលត្រឡប់មកវិញបាន។

ឯកឧត្តម នួន ផារ័ត្ន បានគូសបញ្ជាក់នូវខ្លឹមសារសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ថាយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ក៏ដោយសារមានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ហើយយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញគឺដោយសារការអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ និងការបែកបាក់ជាតិ ក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងមកធ្វើឱ្យប្រទេសជាតិយើងមានការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨។

ក្នុងឱកាសនោះ លោកស្រី សុខ ស្រីលីន តំណាងអង្គមីទ្ទីញទាំងអស់ ដើម្បីជាសក្ខីភាពនៃការដឹងគុណនៅថ្ងៃជ័យជំនះ៧មករាជាថ្ងៃសច្ចធម៌ប្រវត្តិសាស្ត្រនេះ បានប្ដេជ្ញាចិត្តដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា និងប្តេជ្ញាចិត្តក្នុងការការពារសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះឱ្យនៅគង់វង្សជារៀងរហូត៕
ដោយ ស៊ុម វណ្ណា





