ខេត្តកំពង់ចាមប្រារព្ធមីទ្ទិញខួបលើកទី៤៦ថ្ងៃជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)
AKP កំពង់ចាម ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ -- រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីលានវិមានជ័យជំនះខេត្តកំពង់ចាម បានរៀបចំប្រារព្ធធ្វើមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ថ្ងៃជ័យជំនះ ៧ មករា ១៩៧៩-២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាតំណាងឱ្យឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកឧកញ៉ា លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមការងារ និងគណៈអចិន្ត្រៃយ៍បក្សខេត្ត សមាជិកគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្ស និសិ្សត និងគរុសិស្ស កម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង ប្រជាពលរដ្ឋ ប្រមាណជិត១មុឺននាក់ចូលរួម។

ថ្លែងសុន្ទរកថាស្វាគមន៍ឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានលើកឡើងថា ការប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរយុទ្ធជន យុទ្ធនារីដែលបានបូជា សាច់ស្រស់ ឈាមស្រស់ក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជា។ ផ្តើមពីជ័យជម្នះជាប្រវត្តិសាស្ត្រ ៧ មករា កម្ពុជាបាន និងកំពុងឈានឆ្ពោះទៅមុខតាមទិសដៅដ៏ត្រឹមត្រូវដែលស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ឯក បានដឹកនាំប្រទេសជាតិទទួលបាននូវឯកភាពទឹកដី បង្រួប បង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរាល់សមិទ្ធផលជាច្រើនលើគ្រប់វិស័យ។ ក្នុងរយៈពេលជាង៤ទស្សវត្ស បន្ទាប់ពីថ្ងៃ៧ មករា ១៩៧៩ មកដល់ពេលនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តរក្សាបាននូវស្ថេរភាពនយោបាយ សេដ្ឋកិច្ច សង្គមមានការអភិវឌ្ឍលើគ្រប់វិស័យដែលធ្វើឱ្យប្រជាជនមានជីវភាពធូរធារ បន្ថែមពីនេះមានប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធជាច្រើនទៀត រួមមានផ្លូវថ្នល់ ស្ពាន បានតភ្ជាប់ពីជនបទ មកទីប្រជុំជនបានគ្រប់ទីកន្លែង មានមន្ទីរពេទ្យ សាលារៀន វត្តអារាម ដែលបម្រើប្រជាជន គ្រប់តម្រូវការ។ ដោយឡែក ចំពោះខេត្តកំពង់ចាមទទួលបានការអភិវឌ្ឍ និងរីកចម្រើនគួរឱ្យកត់សម្គាល់ ជាក់ស្តែងនៅឆ្នាំ២០២៤ ទំហំ សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានកំណើន ៨,៦% ស្មើនឹង ២.៦៥៧លានដុល្លារ ក្នុងនោះ វិស័យ កសិកម្មមានទំហំ ១.០៣៤ លានដុល្លា, វិស័យឧស្សាហកម្ម មានទំហំ ៨៥៧ លានដុល្លា និងវិស័យ សេវាកម្មមានទំហំ ៧៦៦លាន ដុល្លា និងមាន GDP សម្រាប់មនុស្សម្នាក់ៗ ចំនួន ២.៣១១ដុល្លារ ក្នុងមួយឆ្នាំ។ តាមការរំពឹងទុកនៅឆ្នាំ ២០២៥ ខេត្តកំពង់ចាម មានទំហំសេដ្ឋកិច្ចនឹងកើនដល់ ២.៨៦៧លានដុល្លានិងមានGDP មនុស្សម្នាក់ៗនឹងកើនដល់២.៤៧៨ដុល្លាក្នុងមួយឆ្នាំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាមបានអានទាំងស្រុងនូវសុន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីរំឭកខួបលើកទី ៤៦នៃទិវាជ័យជម្នះ ៧ មករា ដោយបញ្ជាក់ថាយើងប្រារព្ធខួបលើកទី៤៦នៃទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្ម របបប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀត ណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរាំង ស្កាត់មិនឱ្យរបបនេះអាចត្រឡប់មកវិញបាន។ ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយ សង្រួមចិត្ត គោរពដល់ដួងវិញ្ញាណក្ខន្ធជនរួមជាតិជាង៣លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអណោចអធម និងអយុត្តិធម៌បំផុតក្នុងរបបដ៏ឃោរឃៅនេះ និងសូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកអ្នកទាំងអស់បានទៅកាន់សុគតិភពជារៀងរហូត។

ក្នុងសុន្ទរកថាបានលើកឡើងថា រយៈពេល៤៦ឆ្នាំកន្លងទៅនេះ បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅដែលពុំនឹកស្មានដល់ ជាពិសេសរយៈពេល២១ឆ្នាំនៃការរស់នៅក្រោមដំបូលម្លប់សុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះបានធ្វើឲ្យយើងមានការ អភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យបាន ផ្លាស់ប្ដូរយ៉ាងលឿនពីប្រទេសជាតិដែលហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃ ក្លាយជាប្រទេសដែលមានសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាប្រទេសមាននីតិរដ្ឋ ប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនហើយកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល។ ឆ្នាំ២០២៤ជាឆ្នាំដំបូងនៃនីតិកាលទី៧របស់រដ្ឋសភាដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចនូវសមិទ្ធផលជាច្រើន ក្នុងការអនុវត្តនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់ខ្លួនដោយរក្សាបានសុខសន្តិភាពស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីត្រូវបានការពារយ៉ាងគង់វង្ស។ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមមានភាពល្អប្រសើរ សេដ្ឋកិច្ចជាតិរក្សាបាននូវកំណើនក្នុងរង្វង់៦ភាគរយ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួនប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីពន្លឺកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងជំរុញការធ្វើកំណែទម្រង់ស៊ីជម្រៅ ទូលំទូលាយ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ ផ្ដើមចេញពីជ័យជម្នះ៧មករា បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។ រយៈពេល៤៦ឆ្នាំ កន្លែងផុតទៅបន្ទាប់ពី បានផ្តួលរំលំរបបប្រល័យពូជសាសន៍ ស្មារតី៧មករា ចារិកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងមហាសាមគ្គីជាតិដើម្បីកសាង និងការពារមាតុភូមិប្រកបដោយវីរភាព ដែលធ្វើឱ្យប្រជាជាតិយើងបានឈានឡើងពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ។ ស្មារតី៧ មករា មានគុណតម្លៃធំធេងជាអមតៈ សម្រាប់ប្រជាជនយើង ក្នុងការបន្តដំណើរទៅមុខទៀត ដើម្បីកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ស្មារតី៧មករាផ្តល់ឱ្យយើងនូវក្តីសង្ឃឹមជឿជាក់ជានិច្ចចំពោះការរក្សាបាននូវស្ថេរភាពនយោបាយនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ជនណាប្រឆាំងថ្ងៃ ៧ មករាគឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា។ យើង ទាំងអស់គ្នាប្តេជ្ញាទប់ស្កាត់រាល់សកម្មភាពដែលនាំទៅការដណ្ដើមអំណាចដោយរំលោភបំពានរដ្ឋធម្មនុញ្ញផ្ទុយពីគោលការណ៍លទិ្ធប្រជាធិបតេយ្យ និងនីតិរដ្ឋនិង ចូលរួមការពារនូវសុខសន្តិភាព បន្តគាំទ្រគ្រប់សកម្មភាពក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតនៅឆ្នាំ២០២៥នេះ។ យើងទាំងអស់គ្នាក៏ត្រូវយល់ឱ្យបានច្បាស់ថា បើគ្មានសន្តិភាព ក៏មិនអាចមានការអភិវឌ្ឍ និងមានអ្វីៗដូចថ្ងៃនេះដែរ៕
ដោយ ឆាយ ម៉ុត





