ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ២គ្រួសារ នៅឃុំបុសខ្នុរ ស្រុកចំការលើ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
AKP កំពង់ចាម ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ -- ពលរដ្ឋចំនួន២គ្រូសារ ឈ្មោះ វ៉ាត វ៉ែន អាយុ៦៦ឆ្នាំ ជាអ្នករត់pass app និងឈ្មោះ វ៉ែន ចិន អាយុ២៧ ឆ្នាំ ជាកូនបង្កើត រងគ្រោះដោយអគ្គិភ័យ កាលពីម៉ោង១២ និង៣០នាទីថ្ងៃត្រង់ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ រស់នៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បានទទួលអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២៥ នេះតាមរយៈឯកឧត្តម ទូច ឆៃ នាយកសាខា តំណាងឱ្យឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត។

ក្នុងឱកាសជួបសំណេះសំណាល និងនាំអំណោយប្រគល់ជូនជនរងគ្រោះឯកឧត្តម ទូច ឆៃ នាយកសាខា ក្នុងនាមឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្តែងការសោកស្តាយជាពន់ពេកជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំឱ្យខូចខាតទាំងលំនៅដ្ឋាន បាត់បង់ទាំងទ្រព្យសម្បត្តិ លុយកាក់ក៏ឆេះអស់គ្មានសល់។

ឯកឧត្តមនាយកសាខាបាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនា អ្វីឡើយ ហើយទោះបីជាសម្តេចប្រធានមិនបានអញ្ជើញមកដោយផ្ទាល់ក៏ដោយ ប៉ុន្តែតែងតែបានចាត់តំណាងចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"។

ឯកឧត្តម ទូច ឆៃ បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នពីគ្រោះមហន្តរាយនានា ពិសេសគ្រោះអគ្គិភ័យដែលអាចកើតមានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ព្រោះពេលនៅជារដូវក្តៅផង មុននឹងចេញពីផ្ទះ ត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេសការតបណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញមករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានោះដែរ ត្រូវយកចិត្តទុកដាក់ ថែទាំអនាម័យសុខភាពឱ្យបានល្អ ដោយបោះបង់ទម្លាប់មិនល្អមួយចំនួន ដែលបំផ្លាញសុខភាព និងអាយុជីវិតខ្លួនឯង ហើយរួមគ្នាពង្រឹងសហគមន៍ អោយមានសមត្ថភាពទ្រាំទ្រ និងបន្សាំបានជាមួយបញ្ហាប្រឈមដែលបង្កដោយការប្រែប្រួលអាកាសធាតុ។
ចំពោះអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង២គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ៥០គក្រ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ មី២កេស តង់ធំ២ ឃីត២ (មុង ភួយ សារុង ក្រម៉ា) អាវយឺត៥ សាប៊ូ១០ដុំ សម្ភារដំណេក សម្ភារ ផ្ទះបាយ និងថវិកាចំនួន១,០០០,០០០រៀល សម្រាប់គ្រួសារដែលរងគ្រោះឆេះទាំងស្រុង និង៥០០,០០០រៀល សម្រាប់គ្រូសារដែលខូចខាត៣០%។ ដោយឡែក ព្រះគ្រូ ចៅអធិការវត្តទួលប្រសើរ ឃុំតាអុង ក៏បាននិមន្តចូលរួមឧបត្ថម្ភនូវអង្ករ៥០ គក្រ រួមជាមួយគ្រឿងឧបភោគបរិភោគ និងបច្ច័យសរុបចំនួន៨៤៣,០០០រៀលផងដែរ៕
ដោយ ឆាយ ម៉ុត





