អភិបាលខេត្តកំពង់ធំនាំយកស្បៀងអាហារ និងបច្ច័យមួយចំនួនសម្រាប់ចូលរួមទំនុកបម្រុងផ្គត់ផ្គង់ដល់ព្រះសង្ឃ បេក្ខសមណសិស្ស-សិស្ស គណៈកម្មការមេប្រយោគនៅវត្តឥន្ទ្រីយ៍សំវរៈ
AKP កំពង់ធំ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥-- ដើម្បីជាការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ កាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកស្បៀងអាហារ និងបច្ច័យមួយចំនួនសម្រាប់ចូលរួមទំនុកបម្រុងផ្គត់ផ្គង់ដល់ព្រះសង្ឃ បេក្ខសមណសិស្ស-សិស្ស គណៈកម្មការមេប្រយោគដែលមានចំនួន ៥៣៣អង្គ/នាក់សរុបទាំងព្រះសង្ឃគង់ក្នុងវត្តឥន្រ្ទីយ៍សំវរៈ ហៅវត្តកំពង់ធំផង និងនិមន្តមកប្រឡងនិងកែយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង រយៈពេល២យប់ ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥ មណ្ឌលប្រឡងក្នុងវត្តឥន្រ្ទីយ៍សំវរៈហៅវត្តកំពង់ធំ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងជាព្រះប្រធានមណ្ឌលប្រឡងខេត្តកំពង់ធំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតនូវសទ្ធាជ្រះថ្លាដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងបុត្រ និង ឯកឧត្ដម លោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការ ដែលមានសទ្ធាជ្រះថ្លានៅក្នុងវិស័យព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថា សម្ភារដែលបានប្រគេនរួមមាន អង្ករ ទឹកសុទ្ធ ភេសជ្ជៈ និងបច្ច័យមួយចំនួន៕ ដោយ ស៊ុម វណ្ណា





