មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥
AKP កំពង់ស្ពឺ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥-- មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកសម្របសម្រួលការងារ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ និងឯកឧត្តម ហន ភក្តី អភិបាលរង នៃអភិបាលខេត្តកំពង់ស្ពឺ
លោកជំទាវ ម៉ែន សុីនួន ប្រធានមន្ទីរព័ត៌មាន បានឱ្យដឹងថា រយះពេលមួយឆ្នាំ២០២៤នេះ មន្ទីរបានឆ្លងកាត់នូវការលំបាកជាច្រើន ហើយក៏ទទួលបានជោគជ័យជាច្រើនផងដែរ ក្នុងការអនុវត្តន៍ការងារ ដែលថ្នាក់ដឹកនាំប្រគល់ជូន។
លោកជំទាវប្រធានបន្តទៀតថា ទាំងអស់នេះគឺដោយសារមានកិច្ចសហការសាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការិយាល័យនីមួយៗចំណុះឱ្យមន្ទីរព័ត៌មាន ។ ក្នុងនោះផងដែរ ក្រុមការងារគ្រប់គ្រង តាមដានព័ត៌មាន និងសាធារណៈមតិរបស់មន្ទីរព័ត៌មានកំពង់ស្ពឺ ក៏ដើរតួរយ៉ាងសំខាន់ផងដែរ ដោយបានបំពេញភារកិច្ចជាច្រើនដោយមិនគិតពីពេលវេលាសម្រាកនោះទេ គឺត្រូវធ្វើការឆ្លើយតបភ្លាមៗ ទៅកាន់សាធារណៈជន នូវព័ត៌មានដែលពិត មានប្រភពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយផងដែរ ។


ក្នុងឱកាសនោះដែរ ឯកឧត្តម ស្លេះ អាល់ហ្វីន ក៏បានថ្លែងការកោតសរសើរចំពោះមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារផ្សព្វផ្សាយ ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ ជាពិសេសបានបំពេញតួនាទីបានយ៉ាងល្អក្នុងនាម ជាសេនាធិការអោយក្រសួងព័ត៌មាន និងជាសេនាធិការអោយគណៈបញ្ជាការខេត្ត ដែលជាផ្នែកមួយ នៃការក្តាប់ព័ត៌មានឱ្យខេត្តរបស់ខ្លួន។ ឯកឧត្តមអនុរដ្ឋលេខាធិការបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ជាច្រើនដល់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន ក្នុងគោលបំណងដើម្បីលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ជាពិសេសយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»៕


ឯកឧត្តមបានផ្តាំផ្ញើដល់អង្គភាពមន្ទីរព័ត៌មានត្រូវពង្រឹងគុណភាពព័ត៌មាន ផលិតព័ត៌មានត្រូវផ្ដោតទៅលើឥរិយាបថអ្នកមើលទស្សនា និងអ្នកអាន ដូច្នេះអ្នកផលិតព័ត៌មាន ត្រូវមានភាពវ័យឆ្លាត បើយោងតាមការស្រាវជ្រាវឃើញថា ស្រទាប់យុវជន មិនត្រូវការព័ត៌មានវែងពេកនោះទេ បើអ្នកផលិតព័ត៌មានវែងពេកគ្មានអ្នកមើលស្មើ នឹងសូន្យ។
ដូច្នេះរាល់អ្នកផលិតព័ត៌មានទាំងអស់ ត្រូវក្តាប់ឱ្យបាននូវឥរិយាបថរបស់អ្នកទស្សនា ត្រូវផលិតរយៈពេល តែ២ នាទី ប្រកបដោយការច្នៃប្រឌិតធ្វើយ៉ាងណាឱ្យព័ត៌មាន បានគ្រប់ជ្រុង ខ្លី ខ្លឹម។ ត្រូវរៀបចំវគ្គបណ្ដុះបណ្ដាលដើម្បីពង្រឹងសមត្ថភាព ក្នុងការទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតពិសេសជំនាញឌីជីថល សម្រាប់អនុវត្តឆ្នាំ ២០២៥ ឆ្នាំ២០២៨។ ចំពោះព័ត៌មានក្លែងក្លាយ មន្ទីរព័ត៌មាន ត្រូវផលិត ជាសារ ឬខ្លឹមសារអប់រំ បញ្ជ្រាបការយល់ដឹង និងគ្រោះថ្នាក់កើតឡើងអំពីព័ត៌មានក្លែងក្លាយ ក្នុងព័ត៌មានក្លែងក្លាយ មាន(ប) ចំនួន ៣ -បញ្ជ្រាប -បន្សាប -បង្ក្រាប។

នាពេលដ៏ខ្លីខាងមុខនេះរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងព័ត៌មាន ធ្វើយុទ្ធនាការនិយាយថាទេ (ចំពោះព័ត៌មានក្លែងក្លាយ) ដូច្នេះមន្ទីរព័ត៌មាននៅទូទាំងប្រទេសត្រូវធ្វើបុរេសកម្ម ឱ្យហើយមុនពេលយុទ្ធនាការមកដល់។ ក្រុមសាធារណៈមតិ បានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅនេះ បង្កើតឡើង ដោយមានគោលការណ៍ផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ហើយត្រូវពង្រឹង សមត្ថភាព និងការវិភាគលើព័ត៌មាន ថាតើព័ត៌មាននោះរសើបប៉ុណ្ណា ហើយផែនការបន្ទាប់ ថាត្រូវធ្វើដូចម្ដេច។ ហើយការងារបន្ទាប់មន្ទីរព័ត៌មាន ត្រូវសហការល្អ ជាមួយ សាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ AKP-កំពង់ស្ពឺ





