លោក ស្កូលហ្ស៍ អាចជួបជាមួយលោក ពូទីន មុនថ្ងៃទី២៣ ខែកុម្ភៈ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ -- សមាជិកសភាអាល្លឺម៉ង់មកពីសហភាពប្រជាធិបតេយ្យគ្រីស្ទាន (CDU) លោក រ៉ូដឺរីច គីសឺវេតធ័រ(Roderich Kiesewetter) បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថាអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលហ្ស៍ (Olaf Scholz) អាចធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីមុនការបោះឆ្នោតរបស់សភាអាល្លឺម៉ង់ ដែលបានគ្រោងធ្វើនៅថ្ងៃទី២៣ ខែកុម្ភៈ ហើយកិច្ចប្រជុំរបស់ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានគ្រោងទុកសម្រាប់ខែមីនា។
លោក គីសឺវេតធ័រ បាននិយាយនៅលើបណ្តាញសង្គមអ៊ិច (X) ថា «មានការចង្អុលបង្ហាញកាន់តែច្រើនដែលលោកអធិការបតី ស្កូលហ្ស៍ នឹងធ្វើដំណើរទៅទីក្រុង៉ូមូស្គូ ហើយជួបជាមួយលោក ពូទីន មុនថ្ងៃទី២៣ ខែកុម្ភៈ»។
លោកបាននិយាយបន្ថែមថា ហើយជំនួបរបស់លោក ពូទីន និងលោកត្រាំ ត្រូវបានគ្រោងទុកសម្រាប់ខែមីនា ឆ្នាំ២០២៥ ដោយលោកមិនបានផ្តល់ប្រភពនៃព័ត៌មាននេះឡើយ។
លោក គីសឺវេតធ័រ ផ្ទាល់ក៏ប្រឆាំងនឹងកិច្ចព្រមព្រៀងណាមួយដែលទាក់ទងនឹងការបញ្ចប់ជម្លោះនៅអ៊ុយក្រែនផងដែរ។
កាលពីក្នុងខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា CDU បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា លោក ស្កូលហ្ស៍ នៅប៉ុន្មានថ្ងៃខាងមុខអាចនឹងទៅជាមួយ «បេសកកម្មសន្តិភាព» ទៅកាន់ទីក្រុងម៉ូស្គូ។ សេវាសារព័ត៌មានរបស់រដ្ឋាភិបាលអាល្លឺម៉ង់បានប្រាប់សារព័ត៌មានស្ពុតនីក(Sputnik) ថា ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអំពីដំណើរទស្សនកិច្ចដែលអាចទៅរួចរបស់លោក ស្កូលហ្ស៍ ទៅកាន់ទីក្រុងម៉ូស្គូ គឺជារឿងប្រឌិត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





