ឥណ្ឌូណេស៊ីអនុវត្តការសម្អាតកាកសំណល់ប្លាស្ទិកដ៏ធំនៅលើឆ្នេរកោះបាលី
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ -- អ្នកស្ម័គ្រចិត្តប្រហែល៦០០នាក់ រួមទាំងប្រជាជនក្នុងស្រុក បុគ្គលិកសណ្ឋាគារ និងអ្នកទេសចរ បានប្រមូលផ្តុំគ្នានៅលើឆ្នេរខ្សាច់នៅលើកោះបាលី ដើម្បីសម្អាតកាកសំណល់ប្លាស្ទិកដ៏ធំមួយដែលបោកបក់លើឆ្នេរសមុទ្រដោយសារភ្លៀងមូសុង។
នៅលើឆ្នេរ Kedonganan នៅភាគខាងត្បូងកោះបាលី កែវប្លាស្ទិកចំបើង ចានបាយ និងថង់កាហ្វេទទេត្រូវបានរាយប៉ាយពាសពេញដីខ្សាច់លាយឡំជាមួយកំទេចកំទីរុក្ខជាតិ និងឈើ។ ដោយសារមានភ្លៀងធ្លាក់ អ្នកស្ម័គ្រចិត្តបានប្រមូលសំរាមដោយដៃច្រកក្នុងបាវធំៗរាប់រយបាវ។
អង្គការការពារបរិស្ថាន Sungai Watch បានពណ៌នាព្រឹត្តិការណ៍នេះថា ជាឧប្បត្តិហេតុបំពុលប្លាស្ទីកដ៏អាក្រក់បំផុតរបស់កោះបាលី។
យោងតាមស្ថាបនិកអង្គការ លោក ហ្គារី បេនជែកហ៊ីប (Gary Bencheghib) បានឱ្យដឹងថា ពួកគេបានប្រមូលកាកសំណល់ចំនួន ២៥តោនក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃប៉ុណ្ណោះ ដែលជាកំណត់ត្រាមួយសម្រាប់ពួកគេ។កាកសំណល់ប្លាស្ទិកភាគច្រើនមានប្រភពមកពីកោះជ្វា ដែលជាកោះដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី។
ឥណ្ឌូណេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរួមចំណែកដ៏ធំបំផុតរបស់ពិភពលោកចំពោះការបំពុលប្លាស្ទិក និងសមុទ្រ ជាមួយនឹងខ្យល់មូសុងប្រចាំឆ្នាំដែលបានបោកបក់កាកសំណល់ប្លាស្ទិកពីទីក្រុង និងទន្លេចូលទៅក្នុងមហាសមុទ្រ។ ភាគច្រើននៃកំទេចកំទីនេះធ្វើដំណើររាប់រយគីឡូម៉ែត្រមុនពេលចុះចតនៅលើឆ្នេរដ៏ពេញនិយមរបស់កោះបាលី ជាពិសេសចាប់ពីខែវិច្ឆិកាដល់ខែមីនា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





