ឥណ្ឌូណេស៊ីនឹងផ្តល់ប្រាក់រាប់ពាន់លានដុល្លារដល់សហគ្រាសធុនតូច និងមធ្យម និងពលករចំណាកស្រុក
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងសម្របសម្រួលសម្រាប់លើកកម្ពស់សហគមន៍របស់ប្រទេសឥណ្ឌូណេស៊ី លោក មូហៃមីន អ៊ីសកាន់ដារ (Muhaimin Iskandar) បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានរៀបចំថវិកាសរុបចំនួន ២០.០០០ពាន់លានរូពៀ (១,២៩ពាន់លានដុល្លារអាម៉េរិក) ក្នុងការផ្តល់កម្ចីសម្រាប់សហគ្រាសធុនតូច និងមធ្យម(MSMEs) និងពលករចំណាកស្រុក។
កម្មវិធីនេះត្រូវបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ(Prabowo Subianto) នៅវិមានប្រធានាធិបតីក្នុងទីក្រុងបូហ្គោរ នៅកោះជ្វាខាងលិច កាលពីថ្ងៃទី០៣ ខែមករា។
លោករដ្ឋមន្ត្រី អ៊ីសកាន់ដារ បានពន្យល់បន្ថែមថា ការផ្តល់មូលនិធិនេះមានគោលបំណងជំរុញលទ្ធភាពប្រើប្រាស់ដើមទុន និងផ្តល់ភាពងាយស្រួលផ្នែកហិរញ្ញវត្ថុសម្រាប់កម្មវត្ថុដែលបានរៀបរាប់ខាងលើ។
យោងតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា មូលនិធិនេះបន្ថែមទៅលើប្រភេទនៃដើមទុនដែលមានស្រាប់ដែលផ្តល់ដោយរដ្ឋាភិបាល ដូចជាឥណទានអាជីវកម្មខ្នាតតូច (KUR) និងតាមរយៈក្រុមហ៊ុនហិរញ្ញវត្ថុដែលគ្រប់គ្រងដោយរដ្ឋ PT PNM ជាដើម។
លើសពីនេះទៀត លោកបានកត់សម្គាល់ថា រដ្ឋាភិបាលនឹងបង្កើតកម្មវិធីកម្ចីពិសេសសម្រាប់ពលករចំណាកស្រុកឥណ្ឌូណេស៊ី ជាពិសេសអ្នកដែលត្រូវការដើមទុនសម្រាប់ការបណ្តុះបណ្តាល សំបុត្រយន្តហោះ និងការចំណាយរដ្ឋបាល។
ក្រសួងហិរញ្ញវត្ថុត្រូវបានលោកប្រធានាធិបតីចាត់តាំងឱ្យត្រួតពិនិត្យកម្មវិធីកម្ចីការប្រាក់ទាបនេះ។ លោកបាននិយាយបន្ថែមថា គម្រោងផ្តល់មូលនិធិនេះនឹងចម្លងប្រព័ន្ធជោគជ័យមុនៗ ដូចជាកម្មវិធីដើមទុនសម្រាប់ស្ត្រីជួបការលំបាក និងសហគ្រាសធុនតូច និងមធ្យម ដែលនាំមកនូវប្រសិទ្ធភាពមិនត្រឹមតែសម្រាប់សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ដល់សង្គមផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





