ឥណ្ឌូណេស៊ីមានបំណងបញ្ចប់ការនាំចូលប្រេងម៉ាស៊ូតត្រឹមឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ -- យោងតាមរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែរបស់ឥណ្ឌូណេស៊ី លោក បាលីល ឡាហាដាលីយ៉ា(Bahlil Lahadalia) បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងរៀបចំអនុវត្តកម្មវិធីចំហេះ ៥០% (B50) ជាកាតព្វកិច្ចនៅក្នុងឆ្នាំ២០២៦ ដើម្បីបញ្ឈប់ការនាំចូលប្រេងម៉ាស៊ូត។
ក្នុងនាមជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរថាមពល រដ្ឋាភិបាលនឹងចាប់ផ្តើមអនុវត្តកម្មវិធី B40 ជាកាតព្វកិច្ចនៅក្នុងឆ្នាំនេះ ខណៈដែលកំពុងរៀបចំសម្រាប់ការអនុវត្តកម្មវិធី B50 នៅឆ្នាំក្រោយ។
លោកបាននិយាយថា កម្មវិធី B50 ស្របតាមការណែនាំរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto)ដើម្បីសម្រេចបាននូវសន្តិសុខថាមពល។
លោកបាននិយាយបន្តថា ការអនុវត្តកម្មវិធី B50 នឹងជួយបង្កើនទុនបម្រុងថាមពលរបស់ប្រទេសឥណ្ឌូណេស៊ី និងគាំទ្រដល់គោលដៅបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការបំពេញតម្រូវការថាមពលក្នុងស្រុក និងកាត់បន្ថយការនាំចូល។
ទន្ទឹមនឹងនេះដែរ លោកអនុរដ្ឋមន្ត្រី យូលីអូត តាន់ជុង (Yuliot Tanjung) បាននិយាយថា គោលនយោបាយនៃការប្រើប្រាស់ចំហេះ B40 ជាកាតព្វកិច្ចនឹងត្រូវបានអនុវត្តយ៉ាងពេញលេញនៅក្នុងខែកុម្ភៈឆ្នាំនេះ។
កម្មវិធី B40 គឺជាល្បាយនៃប្រេងម៉ាស៊ូត ៦០% និងជីវឥន្ធនៈ ៤០% ដែលផលិតពីប្រេងដូង។ លោក តាន់ជុង បានកត់សម្គាល់ថា បើទោះបីជាកម្មវិធី B40 បានក្លាយជាកាតព្វកិច្ចនៅថ្ងៃទី០១ ខែមករាក៏ដោយ ក៏កម្មវិធីនេះនៅតែស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរដែលមានរយៈពេលប្រហែលមួយខែកន្លះ។ ក្នុងអំឡុងពេលនេះ ស្តុកប្រេងឥន្ធនៈដែលនៅសេសសល់នឹងត្រូវបានប្រើប្រាស់ ហើយបច្ចេកវិទ្យានឹងត្រូវបានធ្វើបច្ចុប្បន្នភាព។
លោកបាននិយាយបន្ថែមថា ដំណាក់កាលដំបូងនៃកម្មវិធី B40 ត្រូវបានគេរំពឹងថានឹងផលិតជីវៈម៉ាស៊ូតបាន ១៥,៦លានគីឡូលីត្រ ដោយការផលិតនៅតែបន្តជាដំណាក់កាលពេញមួយឆ្នាំ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





