សមាជិក សមាជិកាថ្មីចំនួន១៨១៨នាក់ ត្រូវបានប្រកាសចូលរួមរស់ជីវភាពជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ -- សមាជិក សមាជិកាថ្មី នៅរាជធានីភ្នំពេញចំនួន១៨១៨នាក់ ត្រូវបានប្រកាសចូលរួមរស់ជីវភាពជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា ក្នុងខណ្ឌចំកាមន។ ពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយអតីតកម្លាំងពីគណបក្សផ្សេងៗនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជា ប្រធានក្រុមការ ងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។ សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន១៨១៨នាក់នេះ មកពីខណ្ឌទាំង១៤ និង១០៥សង្កាត់ ក្នុងរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការជួបគ្នានេះ ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមរៀបចំខួបលើកទី៤៦ នៃទិវាបុណ្យជាតិ ៧មករា ដែលជាថ្ងៃប្រវត្តិសាស្ត្រសំខាន់របស់កម្ពុជា។ បើគ្មានថ្ងៃ៧មករាទេ គឺមិនមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះទេ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជាទាំងមូលមានសន្តិភាពពេញលេញនិងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញមានសមាជិក សមាជិកាបក្សចំនួន៧៣៣៤៥៣នាក់។ គណបក្សប្រជាជនកម្ពុជាបានអូសទាញគណបក្សដទៃឱ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបានចំនួន៤២៥៩នាក់ ដោយយើងបានប្រកាសបញ្ចូលជាសមាជិកបក្សរួចរាល់ចំនួន២៤៤១រូប នៅសល់១៨១៨រូប ដែលយើងបានប្រកាសបញ្ចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាថ្មី។ គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីប្រមូលកម្លាំងអ្នកស្នេហាជាតិ ដើម្បីរួមគ្នាកសាងប្រទេសជាតិមួយនេះឱ្យមានឯករាជ្យភាព ប្រជាធិបតេយ្យ និងសុខដុមរមនានៅកម្ពុជា។

ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ពិធីនេះក៏បានធ្វើឡើងស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏ស្របទៅតាមកាលៈទេសៈជាក់ស្ដែងរបស់ប្រទេសកម្ពុជា និងបានរំលឹកថា រូបសម្ដេចបានប្រកាសចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងពេលដែលប្រទេសជាតិ ធ្លាក់ទៅក្នុងភ្លើងសង្គ្រាម តស៊ូយ៉ាងស្វិតស្នាញដើម្បីឯករាជ្យជាតិ ហើយការប្រកាសកាលនោះបានធ្វើឡើងដោយសម្ងាត់បំផុត ដោយមានអ្នកចូលរួមត្រឹមតែ៥រូបប៉ុណ្ណោះ មិនដូចពិធីដែលធ្វើឡើងនៅពេលនេះទេ។

សម្តេចវិបុលសេនាភក្តីបានបន្តថា សម្រាប់សមាជិក សមាជិកាទាំង១៨១៨រូបនេះនឹងទទួលបានសិទ្ធិពេញលេញជាសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះសុំបងប្អូនកូនក្មួយទាំងអស់ដែលបានចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវទៅតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ធ្វើទំនាក់ទំនងល្អជាមួយគ្នា ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់បក្សឱ្យបានល្អ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់បក្ស ជាមួយនឹងការជួយគ្នាដើម្បីភាពរីកចម្រើនរបស់គណបក្ស។
សម្ដេចបានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់ការលំបាក រួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ស្ថានភាពគ្រប់ឧបសគ្គដើម្បីប្រទេសកម្ពុជាបានឯករាជ្យ ប្រជាធិបតេយ្យ។ គណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត នាថ្ងៃទី៧ មករា ១៩៧៩ ហើយត្រូវបានប្រជាពលរដ្ឋកម្ពុជាឲ្យថ្ងៃ៧មករានេះ គឺជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានថ្ងៃ៧មករា ទេគឺមិនមានអ្វីៗទាំងអស់ ហើយក៏មិនមានថ្ងៃនេះដែរ៕
ដោយ សួស សំរិត





