Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ -- យោងតាមគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire។ Agoda បានបង្ហាញឱ្យដឹងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ថា ជាមធ្យមបន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ មានតម្លៃមិនលើសពី៦៧ដុល្លារអាមេរិក នៅថ្ងៃចុងក្រោយនៃឆ្នាំ២០២៤។ ចំនួន៦៧ដុល្លារនេះ ទាបជាងនៅក្រុងហាណូយ ប្រទេសវៀតណាម ដែលមានតម្លៃជាមធ្យម៧៩ដុល្លារ និងក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ដែលមានតម្លៃជាមធ្យម៩២ដុល្លារ។

បុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសសរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹម ដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត។ចំណែកបុណ្យឆ្លងឆ្នាំសកល២ថ្ងៃ នៅរាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរជាង១លាន៥សែននាក់មកទស្សនា។ នេះជាការឱ្យដឹងពីលោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។លោកស្រីបានបញ្ជាក់ផងដែរថា ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នានាវិញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធគិតគូរ និងពង្រឹងដូចកម្មវិធីធំៗរបស់ជាតិកន្លងមកដែរ គឺសំដៅធានាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលដ្ឋមកលេងកម្សាន្ត មិនឱ្យមានការបារម្ភអ្វីឡើយ។

នេះគឺជាសក្ខីភាពដែលសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹម និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាពិសេសពេលមានពិធីបុណ្យធំៗ ដូចជា ព្រះរាជពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងពិធីបុណ្យឆ្លងឆ្នាំសកលនាពេលនេះជាដើម។ ក្រៅពីនោះ ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ក៏មានពេលវេលាសប្បាយរីករាយនៅរាល់ចុងសប្តាហ៍ ឬក្នុងពិធីផ្សេងៗជាច្រើនទៀត ពីព្រោះ កម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេលយូរមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ ដែលធ្វើឱ្យប្រជាពលរដ្ឋបានស្គាល់ការរស់នៅបែបស៊ីវិល័យ ដែលមិនធ្លាប់មានពីមុន៕


ដោយ សួស សំរិត





